តើ​លោក កឹម សុខា បន្ត​ប្រឈម​នឹង​ការចាប់ និង​ឃុំខ្លួន ដោយ​មិនទាន់​ផុត​រយៈពេល​នៃ​ការស៊ើបអង្កេត​៧​ថ្ងៃ​?

30-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ដោយ​ក្នុង​មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ចម្ងល់​ពី​មហាជន​ជាច្រើន​បាន​លើកឡើងថា តើ​លោក កឹម សុខា កំពុង​បន្ត​ប្រឈម​នឹង​ការចាប់ និង​ការឃុំខ្លួន ដោយសារ​មិនទាន់​ផុត​រយៈពេល នៃ​ការស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង​៧​ថ្ងៃ​? តើ​បន្ទាប់ពី​មានការ​ចោទប្រកាន់ ពី​ព្រះរាជអាជ្ញា លោក កឹម សុខា អាច​នឹង​ប្រឈម​នឹង​អ្វីខ្លះ ? ចម្ងល់​ទាំងនេះ សូម​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើការ​បកស្រាយ​ពាក់ព័ន្ធ នឹង​ចម្ងល់​ផ្លូវច្បាប់​មួយចំនួន​ដូចខាងក្រោម​៖

សំណួរ​៖ ដោយ​បច្ចុប្បន្ននេះ​មានការ​បារ​ម្ម​ណ៌​អំពី ស្ថានភាព​របស់លោក កឹម សុខា ថា នៅតែ​ប្រឈម​នឹង​ការចាប់ និង​ឃុំខ្លួន ព្រោះ​ពុំទាន់​ផុត​រយៈពេល​ស៊ើបអង្កេត ៧​ថ្ងៃ ! តើ​លោក​មាន​យោបល់​បែបណា​ចំពោះ​បញ្ហា​នេះ​?
​លោក គឹម សន្តិភាព​៖ ខ្ញុំ​សូម​ជម្រាបជូន​ថា វិធាន​ទាក់ទង​នឹង​ការស៊ើបអង្កេត​ករណី​បទល្មើស​ជាក់ស្តែង​បានផ្តល់​សិទ្ធិអំណាច មុត​ស្រួច​ដល់​នគរបាល​យុត្តិធម៌ ហើយ​ថិរវេលា​នៃ​ការស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង​មិន​លើសពី​៧ ថ្ងៃ គិតពី​ថ្ងៃ​ប្រព្រឹត្តិ​បទល្មើស ។ ក្នុង​ដំណើររឿង​របស់​ឯកឧត្តម កឹម សុខា នគរបាល​យុត្តិធម៌ បាន​អនុវត្ត​នីតិវិធី​ស៊ើបអង្កេត​នៃ​បទល្មើស​ជាក់ស្តែង​ភ្លាម នៅពេល​បទល្មើស​ជាក់ស្តែង​មួយ​កើតឡើង​គឺ​ពេលដែល​ឯកឧត្តម កឹម សុខា ខកខាន​មិនបាន​ចូលខ្លួន​ជា​លើក​ទី​២ តាម​កាលបរិច្ឆេទ​ក្នុង​ដីកាកោះ​របស់​អយ្យការ​ក្នុងនាម​ជា​សាក្សី ។ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន គឺ​សំណុំ​រឿងនេះ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​រួចហើយ​ក្នុង​បទល្មើស​ជាក់ស្តែង​ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បានធ្វើ​សេចក្តីរាយការណ៍​ជូនទៅ​រដ្ឋសភា​អំពី​ការចោទប្រកាន់​នេះ ដែល​នេះ​គឺជា​ការអនុវត្តន៍​យ៉ាង​ត្រឹមត្រូវ ស្របតាម​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​១២ ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ។​

​ហេតុដូចនេះ ដំណាក់កាល​ស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង​ត្រូវបាន​បញ្ចប់ ត្រឹម​ពេលដែល​មានការ​ចោទប្រកាន់​របស់​អយ្យការ ដូច្នេះ​លែងមាន​ទំនាក់ទំនង នឹង​ថេរវេលា​ស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង​៧​ថ្ងៃនោះ​ទៀតហើយ ។ ជំហាន​បន្ទាប់​គឺជា​ដំណាក់កាល ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ ។
​ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​ចំណាត់ការ​ស៊ើបសួរ​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៀត​ស្របតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​

​បើ​យើង​ពិនិត្យ​តាម​ទិដ្ឋភាព​ច្បាប់ “​បទ​បដិសេធ​ក្នុងការ​ចូលខ្លួន​” មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំរិត​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​គឺ​ពី​១​ខែ ទៅ​៦​ខែ ហេតុដូច្នេះ​មិនអាច​មានការ​ឃុំខ្លួន​ប​ណ្តោះ​អាសន្ន​ជន​ត្រូវ​ចោទ​បានទេ​ក្នុង​បទល្មើស​នេះ ព្រោះ​តាម​មាត្រា ២០៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បានកំណត់​ថា ការឃុំខ្លួន​បណ្តោះអាសន្ន​អាចអនុវត្ត​បានតែ​ក្នុងករណី​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​ដែល​ច្បាប់​កំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ស្មើរ ឬ​លើសពី ១​ឆ្នាំ ។ ជាទូទៅ​ចៅក្រម​ស៊ើបសួរ​នឹង​ចេញ​ដីកាចាប់ខ្លួន ក្នុងករណី​ដែល​ឃុំខ្លួន​បាន ។​
​សំណួរ​៖ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ​បាន​បញ្ជាក់ថា ការមិន​ចូល​បំភ្លឺ​របស់​សាក្សី​នេះ មិនមែនជា​បទល្មើស​ជាក់ស្តែង​ឡើយ តែ​ជា​បទល្មើស​អកម្ម តើ​លោក​យល់​ដូចម្តេច​?

​លោក គឹម សន្តិភាព​៖ មាត្រា​៨៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ មិនមាន​បែង​ចែង​បទល្មើស​សកម្ម ឬ​អកម្ម​នោះទេ​។ គ្រប់​បទល្មើស​ដែលជា​បទ​ម​ជ្ឃឹ​ម ឬ​បទឧក្រិដ្ឋ ដែល​ចូលក្នុង​កាលៈទេសៈ​ណាមួយ​ដែល​មានចែង​ក្នុង​មាត្រា​៨៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ត្រូវបាន​ចាត់ទុកជា​ប​ទ​ល្មើស​ជាក់ស្តែង​៕

ចំនួនអ្នកទស្សនា

    20679347

  • ថ្ងៃនេះ2091
  • ម្សិលមិញ3011
  • សប្តាហ៍នេះ11221
  • ខែនេះ236891
  • ឆ្នាំនេះ236891
  • សរុប20679347