ភ្នំពេញៈ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិភ្លាមៗបន្ទាប់ពីតំណាងរាស្ត្រ ៦៨ រូប ដែលសុទ្ធតែមកពីគណបក្សប្រជាជន បានបោះឆ្នោតគាំទ្រឲ្យតុលាការ បន្តនីតិវិធីទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទពីបទល្មើសជាក់ស្តែងក្នុងសំណុំរឿងដែលមជ្ឈដ្ឋាន ជាច្រើនចាត់ទុកថា គឺជារឿងនយោបាយ។
គណបក្សប្រឆាំងបានប្រកាសមិនទទួលយកការសម្រេចដែល«គ្មាន មូលដ្ឋានច្បាប់»នេះឡើយ ហើយប៉ុន្មានម៉ោងក្រោយមក បានដង្ហែញត្តិដែលមានស្នាមមេដៃជិត២០ ម៉ឺន យកទៅដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំឲ្យព្រះអង្គជួយព្រះរាជអន្តរាគមន៍លើបញ្ហានយោបាយដែល កំពុងតែឡើងកម្តៅខ្លាំងឡើងៗនេះ ហើយជាមួយគ្នានេះ សហគមន៍អឺរ៉ុប បានអំពាវនាវឲ្យមាន «ការបញ្ឈប់ការយាយីដោយតុលាការ ទៅលើប្រធានស្តីទីរបស់គណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល»។
ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានថ្លែងថា ចំពោះតំណាងរាស្ត្រ កឹម សុខា ដែលត្រូវបានចោទប្រកាន់ដោយតុលាការ រដ្ឋសភាបោះឆ្នោតអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើករណីលោក កឹម សុខា ដោយសំឡេងដាច់ខាត។
សម្ដេច ហេង សំរិន បានប្រាប់សមាជិករដ្ឋសភាដែលសុទ្ធតែមកពីគណបក្សប្រជាជនថា រដ្ឋសភា បានទទួលរបាយការណ៍របស់ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីដែលចោទ ប្រកាន់លោក កឹម សុខា ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការហើយថា របាយការណ៍នេះត្រូវបានចែកចាយរួចហើយ ទៅដល់សមាជិកទាំងអស់នៃរដ្ឋសភា។
សម្ដេច ហេង សំរិន ដែលក៏ជាប្រធានកិត្តិយសគណបក្សប្រជាជន ថ្លែងថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមរដ្ឋសភាពិនិត្យ និងអនុម័តយល់ព្រម អនុញ្ញាតឲ្យសមត្ថកិច្ចបន្តចំណាត់ការ ទៅតាមនីតិវិធីលើករណីឯកឧត្តម កឹម សុខាតំណាងរាស្ត្រមណ្ឌលកំពង់ចាម»។ «សូមរដ្ឋសភាអនុម័តដោយការលើកដៃ»។
បន្ទាប់ពីតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សប្រជាជនបានបោះឆ្នោតគាំទ្រឲ្យតុលាការ បន្តនីតិវិធីទៅលើលោក កឹម សុខារួចហើយលោកហេង សំរិន ក៏បានសួរតំណាងរាស្ត្រទាំងអស់នោះផងដែរថា តើមានតំណាងរាស្ត្រណាមួយ ចង់ឲ្យតុលាការផ្អាកករណីលោក កឹម សុខា ទេ? ប៉ុន្តែមិនឃើញមានតំណាងរាស្ត្រណាមួយចង់ឲ្យតុលាការផ្អាកករណីលោក សុខា នោះទេ។
សម្ដេច សំរិន បានថ្លែងនៅក្នុងសម័យប្រជុំសភាថា៖«អនុលោមទៅតាមការអនុម័តរបស់ រដ្ឋសភាអម្បាញ់មិញនេះ ខ្ញុំសូមប្រកាសថា រដ្ឋសភា បានអនុម័តអនុញ្ញាតឲ្យសមត្ថកិច្ច បន្តចាត់ការ ទៅតាមនីតិវិធី លើករណីរបស់ឯកឧត្តម កឹម សុខា...»។
បន្ទាប់ពីការសម្រេចរបស់រដ្ឋសភា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីល្ងាចម្សិលមិញថា អាជ្ញាធរ កំពុងតាមចាប់ខ្លួនលោក កឹម សុខា ហើយថា តុលាការនឹងបន្តនីតិវិធីបន្តទៀតទៅលើលោក កឹម សុខា រហូតដល់បើកសវនាការ។
លោក ជិន ម៉ាលីន បានថ្លែងបន្តថា៖ «ឥឡូវនេះ លោក កឹម សុខា កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួន តាមបទល្មើសជាក់ស្តែង។ ឥឡូវនេះ [យើង]មិនទាន់ចាប់បានទេ»៕