ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីម្នាក់យកទៅកាន់ អង្គភាពរបស់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីអំពើពុករលួយ។ ការចាប់ខ្លួនមេធាវីរូបនោះ គឺបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៦នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកកន្លែងចំណតរថយន្ត របស់ក្រុមមន្ត្រីតុលាការសាលាដំបូងរដ្ឋធានីភ្នំពេញ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ប្រាប់រស្មី កម្ពុជាថាអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីម្នាក់នៅ ព្រឹកថ្ងៃទី៣១ខែឧសភានាំខ្លួនកាន់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីអំពើពុករលួយ។លោកបានថ្លែងបានបញ្ជាក់ថា "អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនមេធាវីមកព្រោះ ពាក់ព័ន្ធក្នុងសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសមត្ថកិច្ចការងារប្រឆាំងអំពើពុករលួយ"។
តាមប្រភព ស្និទ្ធមួយបានអោយដឹងថាមេធាវីដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃ ទី៣១ខែឧសភានេះមានឈ្មោះ ពេជ្រ រតនាអាយុប្រមាណ៤០ឆ្នាំប្លាយ ប៉ុន្តែខាងអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បង្ហាញអត្តសញ្ញាណ ជនសង្ស័យរូបនោះនៅឡើយទេ។លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងមានប្រសាសន៍ថា«យើងនៅមិនទាន់អាចប្រាប់ឈ្មោះបានទេ។ក្រោយពី អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការម៉ត់ចត់រួច ទើបបានអាចប្រាប់ឈ្មោះបាន។
តាមប្រភពស្និទ្ធបានអោយដឹងដែរ ថាលោកមេធាវីត្រូវបានអតិថិជនម្នាក់ប្តឹងបកគាត់វិញបន្ទាប់ពីគាត់ បានយកប្រាក់ពីកូនក្តីរួចសន្យារត់ការនេះរត់ការនោះតេមិនបាន សម្រេចហើយមិនព្រមសងប្រាក់គេវិញទើបមានរឿងប្តឹងគ្នាឡើងទៅ អង្គភាពប្រឆាំងអំពើពុករលួយ។
ចំណែកលោកប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់អ្នកកាសែតថាខណៈមេធាវីនៅមិនទាន់បានទទួលព័ត៌មានអំពី ការចាប់ខ្លួនមេធាវីនោះទេ ប៉ុន្តែបានទទួលព័ត៌មានថាមានមេធាវីម្នាក់ត្រូវបានខាងអង្គភាព ប្រឆាំងអំពើពុករលួយចាប់ខ្លួន៕