ករណី​គ្រោះថ្នាក់​ចរាចរណ៍​តារាចម្រៀង​ខេ​ម​នឹងត្រូវ​ឡើង​តុលាការ

01-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​ក្រោយពី​បរាជ័យ​ក្នុងការ សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក​ខេ​ម​នៅពេលនេះ​បាន​ធ្លាក់​ដល់ដៃ​តុលាការ​ហើយ​។​តារាចម្រៀង​រូបនេះ​និង ក្រុមគ្រួសារ​អ្នកស្លាប់​នឹង​ឡើងទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ តប​តាម​ការកោះហៅ​របស់​តុលាការ​។​


 ប្រភពព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វ្រេស​ញូ​បាន​ឲ្យ​ដឹងថា​បងប្រុស ជនរងគ្រោះ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ លោក លី ម៉ាត់​លី បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាចម្សិលមិញ​ថា ក្រុមគ្រួសារ​របស់លោក បានសម្រេច​ដាក់ពាក្យ​ប្ដឹង​តាមផ្លូវ​ច្បាប់​លើ​តារាចម្រៀង​ខេ​ម​ទៅកាន់ តុលាការ​ហើយ​។ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ​បណ្ដាល​ឲ្យ​ប្អូនប្រុស​របស់លោក​ស្លាប់​នៅនឹងកន្លែង កើតហេតុ បន្ទាប់ពី​ការចរចា​សំណង​មិន​ត្រូវរ៉ូវ​គ្នា​និង​ពុំបាន​ទទួលលទ្ធផល​អ្វី ទាល់តែសោះ​។​


​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា គ្រួសារ​តារាចម្រៀង ខេ​ម​បាន​សន្យាថា​នឹង​ចូលខ្លួន​រក​ដំណោះស្រាយ​ហើយ​ផ្ដល់​សំណង​។​ប៉ុន្តែ ត្រូវបាន​ពន្យា​ពេល ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទន្ទឹងរង់ចាំ​យ៉ាង អន្ទះសារ​។​ប៉ុន្តែ​ព័ត៌មាន​ថ្មី​ចុង​ក្រោយនេះ​បានបញ្ជាក់​ឲ្យ​ដឹងថា បងប្រុស​ជនរងគ្រោះ បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្ដឹង តាមផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ក្នុង​សំណុំ​រឿងនេះ​គឺ​មិន​រង់ចាំ​ការចរចា​ទៀត​ទេ​។​


​ក្នុង ពាក្យបណ្ដឹង​នោះ​បងប្រុស​របស់​ជនរងគ្រោះ​មិនបាន​បញ្ជាក់​ទេ​ថា​តើ​លោក​នឹង ទាមទារ​សំណង​ពី​តារាចម្រៀង​ខេ​ម​នូវ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​នោះឡើយ​។ ខណៈដែល​កាលពី​ស្ថិតក្នុង ដំណាក់កាល​ចរចា​គ្នា ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ទារ​សំណង​ពី ភាគី​តារាចម្រៀង ខេ​ម ចំនួន​២៥.០០០​ដុល្លារ  ដោយ​សំណង​នេះ លោក​ប្រាប់ថា​នឹង​យកមក​ចំណាយ​ទៅលើ​ការ​រត់ការ​ឯកសារ​ច្បាប់​ការចំណាយ ធ្វើបុណ្យ​សព​សង​ការខូចខាត​ផ្សេងៗ និង​ការធ្វើ​និក្ខេប​ទ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទុក​ឲ្យ​ក្មេងៗ​ជំនាន់ ក្រោយ​បានដឹង​ពី​ច្បាប់​ចរាចរណ៍​។​ប៉ុន្តែ​ភាគី​តារាចម្រៀង​ខេ​ម​បាន​ព្រម ផ្ដល់​សំណង​ចំនួន ៤​ពាន់​ដុល្លារ ដោយ​ម្ដាយ​របស់​ខេ​ម បាន​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ នៅ​ធនាគារ ដើម្បី​បាន​លុយ​នេះ​មក​សង​គេ តែ​ភាគី​ជនរងគ្រោះ​មិន​ព្រម ។​


​ទោះបីជា​យ៉ាងណា ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​នៅ​ជុំវិញ តារាចម្រៀង ខេ​ម បាន​បង្ហើប​ថា ការផ្ដល់​សំណង​ចំនួន​៤​ពាន់​ដុល្លារ​នេះ គឺ​យល់ឃើញថា​រថយន្ត​ជនរងគ្រោះ ជិះ​ចូល​ផ្លូវ​អាទិភាព​របស់​រថយន្ត​តារាចម្រៀង ខេ​ម បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ចរាចរណ៍​នេះ​កើតឡើង ជាពិសេស​គឺ​យោងទៅលើ​របាយការណ៍ របស់​សមត្ថកិច្ច​ចរាចរណ៍ ហើយ ខេ​ម ក៍បាន​រងរបួស និង​ខាតបង់​ទ្រព្យសម្បត្តិ​ច្រើន​ដែរ ជាពិសេស​ការលុបចោល កម្មវិធី​ប្រគំ​តន្ត្រី​នានា ដែលជា​ប្រភព​ចំណូល ដ៏​សំខាន់​របស់ខ្លួន​៕


ចំនួនអ្នកទស្សនា

    20212197

  • ថ្ងៃនេះ1531
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13721
  • ខែនេះ1531
  • ឆ្នាំនេះ984751
  • សរុប20212197