ភ្នំពេញ៖ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានថាអង្គភាពប្រឆាំងអំពើពុករលួយបាន ចាប់ខ្លួនមេធាវីម្នាក់យកទៅកាន់អង្គភាពរបស់ ខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីអំពើពុករលួយ នោះប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បានបញ្ជាក់ថា គណៈមេធាវីនឹងកោះប្រជុំក្រុមប្រឹក្សារបស់ខ្លួន ដើម្បីពិភាក្សាអំពីករណីឃាត់ខ្លួនលោក ពេជ រតនាដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ថ្លែងប្រាប់វិទ្យុ ក្នុងស្រុកមួយ កាលពីយប់ថ្ងៃទី៣១ ខែឧសភា លោកប៊ុន ហុន បានឲ្យដឹងថា កិច្ចប្រជុំនោះនឹងត្រូវប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែមិថុនា ដើម្បីសម្រេចទៅលើករណីបែបនេះ ហើយនឹងចាត់មេធាវីដើម្បីជួយការពារគាត់ទៅតាមផ្លូវច្បាប់។
លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ប្រាប់រស្មី កម្ពុជាថាអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីម្នាក់នៅ ព្រឹកថ្ងៃទី៣១ខែឧសភានាំខ្លួនកាន់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីអំពើពុករលួយ។លោកបានថ្លែងបានបញ្ជាក់ថា "អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនមេធាវីមកព្រោះពាក់ព័ន្ធក្នុងសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយ ក្នុងសមត្ថកិច្ចការងារប្រឆាំងអំពើពុករលួយ"៕