មេធាវី​៦​រូប​នឹង​ជួយ​ការពារ​ក្ដី​ឲ្យ​មេធាវី​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​

02-June-2016 | ដោយ មែន កំសត់


 ភ្នំពេញ ៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ចាត់​មេធាវី​ចំនួន​៦​រូប​ដើម្បី​ជួយ​ការពារ​ផ្នែក​ច្បាប់​ជូន​លោក ពេ​ជ រតនា ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​
    
 មេធាវី​ទាំង​៦​រូប ដែល​នឹង​ជួយ​ការពារ​ក្ដី​ឱ្យ​មេធាវី ពេ​ជ រតនា រួមមាន លោក សាំង វណ្ណៈ​, លោក អ៊ីវ ប៉ូ​លី​, លោក ជូ ចាន់​ធី​រ៉ា​, លោក ជា ហុង​រី​, អ្នកស្រី សៅ កញ្ញា និង​លោក ឈី សម្បត្តិ​។ មេធាវី​ទាំង ៦​រូបនេះ​សុទ្ធសឹងតែ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​
​ប្រធាន​គណៈមេធាវី លោក ប៊ុន ហុន បាន​ថ្លែងប្រាប់​វិទ្យុ​វិទ្យុ​ក្នុងស្រុក​មួយ នៅ​រសៀល​ថ្ងៃទី​១ ខែមិថុនា ថា មេធាវី​ទាំង ៦​រូបនេះ ស្ម័គ្រចិត្ត​ជួយ​ការពារ​ក្ដី​ឱ្យ​លោក ពេ​ជ រតនា ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ត្បិត​លោក ពេ​ជ រតនា ជា​មិត្ត​រួម​អាជីព​និង​ជា​សមាជិក​គណៈមេធាវី​ដូចគ្នា​។​

​លោក​បាន មានប្រសាសន៍ថា “​ពួកគាត់​ទាំង ៦​នាក់​ហ្នឹង គឺ​គា​ត់ទៅ​ជួយ​ការពារ​តាមផ្លូវ​ច្បាប់ មិនមែន​ថា​យក​សកម្មភាព​ណា​ខុសច្បាប់​ទៅធ្វើ​បាន​នោះទេ ព្រោះ​ពួកគាត់​សុទ្ធតែជា​មេធាវី​ទាំងអស់គ្នា​។​អ៊ីចឹង​គាត់​គិត​អំពី ច្បាប់​ជា​មូលដ្ឋាន​នៅក្នុង​ការការពារ​ជួយ​ដល់​សហ​ភាតា​”​។​
     លោក ប៊ុន ហុន បញ្ជាក់ទៀតថា គណៈមេធាវី​ក៏​កំពុង​ទាក់ទង​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ស្នើ សុំ​ឲ្យ​រូបលោក និង​មេធាវី​ទាំង​៦​រូប អាច​ចូលជួប​សួរសុខទុក្ខ​ដោយផ្ទាល់​ជាមួយ​លោក ពេ​ជ រតនា ក្រោយ​ផុត​រយៈពេល​២៤​ម៉ោង​នៃ​ការឃាត់ខ្លួន​៕

ចំនួនអ្នកទស្សនា

    20211707

  • ថ្ងៃនេះ1041
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13231
  • ខែនេះ1041
  • ឆ្នាំនេះ984261
  • សរុប20211707