អ្នកកាសែតកម្ពុជាសិក្សាស្វែងយល់ពីក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌ

03-June-2016 | ដោយ មែន កំសត់


 
ភ្នំពេញ៖បណ្តាក្រុមអ្នកសារព័ត៌មានមក ពីច្រើនអង្គភាពនៅក្នុងនោះមានទាំង អ្នកទូរទស្សន៍ វិទ្យុ កាសែតនិងវេបសាយ បានចូលរៀនសិក្សាវគ្គស្វែងយល់អំពីក្រុមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រទេសកម្ពុជាដើម្បីសំដៅយ៉ាងណាពង្រឹង លើការនិពន្ធអត្ថបទ ឱ្យកាន់តែមានសុក្រឹតភាពនិងពិសេសនោះអាចប្រើបានត្រឹមត្រូវនៃពាក្យ បច្ចេកទេសលើវិស័យច្បាប់ផងដែរ។
 
ថ្លែងនៅក្នុងពិធីបើក វគ្គសិក្ខាសាលានាព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០១៦កន្លងមកនៅក្នុង ទីស្តីការក្រសួងយុត្តិធម៌ឯកឧត្តម អង្គ វង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា បណ្តាញសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានប្រាប់ដល់សាធារណជន ហេតុនេះចាំបាច់ណាស់ត្រូវមានការសិក្សាស្វែងយល់ច្រើនវិស័យដើម្បីឱ្យ ការធ្វើសេចក្តីរាយការណ៍របស់ខ្លួនបានល្អជាមួយនឹងគុណភាពខ្ពស់។នា កន្លងមកវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ហើយក៏បានចូលរួមក្នុងការកែលម្អបញ្ហាអសកម្មមួយចំនួនក្នុងសង្គម ដែលជាប្រការមួយយ៉ាងល្អក្នុងការជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
 
ឯកឧត្តមបានមានប្រសាសន៍ថានាកន្លងមកក្រសួងយុត្តិធម៌បានខិតខំបង្កើតច្បាប់ថ្មីៗជាច្រើនហើយបើគ្មានសារព័ត៌មានជួយក្នុងការផ្សព្វផ្សាយទេឃើញថាបណ្តាពលរដ្ឋ ក៏មិនអាចយល់ជ្រួតជ្រាបអំពីបញ្ហាច្បាប់បានទូលំទូលាយនោះដែរ។ ជាមួយគ្នានេះដែរបើគេនិយាយពីតួនាទីរបស់សារព័ត៌មានគឺមានអំណាចទី៤ បន្ទាប់ពីអំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ។
 
 ឯកឧត្តមបានបន្ថែមថា“ការបានមកសិក្សាស្វែងយល់ពីវិស័យច្បាប់នេះឃើញថាជាការមួយល្អប្រសើរណាស់ពីព្រោះថាក្នុងតួនាទីបំពេញបេសកកម្មរបស់ខ្លួនវា ទាមទារណាស់នូវចំណេះដឹងលើវិស័យច្បាប់ ហើយបើកាលណាយើងបានយល់ច្បាស់នោះអាចផ្សព្វផ្សាយព័ត៌មានបម្រើដល់ សាធារណជនកាន់តែមានភាពល្អប្រសើរឡើងថែមទៀត”។
 
ឯកឧត្តមកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើង ក្នុងពិធីនេះដែរថា អ្នកកាសែតនិងអ្នកច្បាប់សុទ្ធតែមានចំណុចរួមគ្នាមួយគឺមិនត្រូវ ចេះតែជឿលើបញ្ហាភាគីណាមួយឡើយហើយចាំបាច់ត្រូវឈរលើមូលដ្ឋាន ច្បាប់និងការពិតដូចគ្នា។
 
ឯកឧត្តមថា “ការបានចូលរួមសិក្សាលើវិស័យច្បាប់នេះយើងមិនត្រឹមបានស្វែងយល់ ក្នុងការប្រើពាក្យត្រឹមត្រូវទេតែយើងក៏បានស្វែងយល់ពីនីតិវិធីនី មួយៗក្នុងវិស័យតុលាការដែរ។ហេតុនេះឃើញថានៅពេលយើងបានយល់ច្បាស់ ហើយការធ្វើសេចក្តីរាយការណ៍របស់ខ្លួនមិនត្រឹមតែមានគុណភាពទេ ប៉ុន្តែវាជាយុត្តិធម៌ដល់ភាគីរងគ្រោះឬភាគីជម្លោះផង”។
 
 លោកប៉ែនបូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ក្នុងពិធីនេះថា ជាធម្មតាហើយអ្នកសារព័ត៌មានចាំបាច់ណាស់ត្រូវធ្វើការស្វែងយល់ឱ្យ បានគ្រប់បញ្ហាទាំងអស់ពិសេសបញ្ហាផ្លូវច្បាប់។នាកន្លងមកនេះមាន បញ្ហាផ្លូវច្បាប់ជាច្រើនបានកើតឡើងហើយបើអ្នកសារព័ត៌មានណាម្នាក់ មិនបានយល់ពីនីតិវិធីផ្លូវច្បាប់ទេធ្វើឱ្យសេចក្តីរាយការណ៍ព័ត៌មាន របស់ខ្លួនមិនបានស៊ីជម្រៅហើយអ្វីដែលធ្ងន់ធ្ងរនោះគឺការធ្វើ សេចក្តីរាយការណ៍របស់ខ្លួនខុសតែម្តង។
 
លោកថាចំពោះអ្នកកាសែតគឺឈរលើគោលការណ៍ពីរសំខាន់ទីមួយបើកាលណាអ្នកកាសែតរូបនោះមិនបានយល់ពីទិដ្ឋភាពផ្លូវច្បាប់ទេការធ្វើសេចក្តីរាយការណ៍របស់ ខ្លួនក៏មិនអាចល្អដែរ ហេតុនេះការពង្រឹងសមត្ថភាពលើបញ្ហាច្បាប់គឺជារឿងមួយសំខាន់បំផុត។

ចំណែកបញ្ហាទីពីរនោះគឺក្នុងអាជីពសារព័ត៌មានត្រូវចៀសវាងអគតិធម៌ មួយចំនួនដែលធ្វើឱ្យសេចក្តីរាយការណ៍របស់ខ្លួនលម្អៀង ។ការលម្អៀងនេះពេលខ្លះកើតឡើងដោយសារការមិនបានតាំងចិត្តទេ ប៉ុន្តែបញ្ហាខ្លះកើតឡើងដោយសារការមិនបានស្វែងយល់ឱ្យបានស៊ីជ្រៅ ប៉ុណ្ណោះ។ហេតុនេះការបានចូលសិក្សាស្វែងយល់នូវទិដ្ឋភាពផ្លូវ ច្បាប់នាពេលនេះជារឿងសំខាន់និងមិនអាចខ្វះបានឡើយរបស់ អ្នកសារព័ត៌មានគ្រប់រូប៕

ចំនួនអ្នកទស្សនា

    20494307

  • ថ្ងៃនេះ2021
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29971
  • ខែនេះ51851
  • ឆ្នាំនេះ51851
  • សរុប20494307