ភ្នំពេញៈ ជាញឹកញយណាស់ ដែលគេបានឃើញប្រជាពលរដ្ឋខ្មែរចាប់បានជនសង្ស័យក្នុងអំពើលួច ឆក់ប្លន់ ហើយក្រុមជនសង្ស័យទាំងនោះ តែងតែត្រូវបានក្រុមប្រជាពលរដ្ឋវាយដំ ដោយប្រើដៃទទេ ដោយប្រើប្រាស់ដុំថ្ម ឬឧបករណ៍រឹងផ្សេងៗទៀត ធ្វើការវាយដំនោះ ជួនកាលបានបណ្តាលឱ្យជនសង្ស័យរងរបួសធ្ងន់ ឬក៏អាចឈានដល់ស្លាប់ទៀតផង។
តើការកាត់ទោសជនសង្ស័យពីសំណាក់ប្រជាពលរដ្ឋ ដែលគេនិយមហៅថា តុលាការប្រជាជន ជាទង្វើខុសច្បាប់ដែរឬទេ?
ឆ្លើយតបនឹងសំនួរនេះ លោកមេធាវី អ៊ុ ប៊ុនធឿន នៃការិយាល័យមេធាវី អ៊ុ ប៊ុនធឿន បានមានប្រសាសន៍ថា ការវាយដំ ឬធ្វើទារុណកម្មលើជនសង្ស័យពីសំណាក់ប្រជាពលរដ្ឋ វាជាអំពើផ្ទុយនឹងច្បាប់ប្រាកដណាស់។ លោកមេធាវីបានពន្យល់ថា ប្រទេសកម្ពុជាបានបង្កើតស្ថាប័នតុលាការ ដើម្បីបើកការស៊ើបអង្កេត និងកាត់ទោសជនជាប់ចោទ ដែលត្រូវបាននគរបាលយុត្តិធម៌ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងទៅតុលាការ។
ជនសង្ស័យទាំងអស់នឹងមិនទាន់ត្រូវបានចាត់ទុកថា មានទោសឡើយ នៅក្នុងដំណើរការស៊ើបអង្កេតនៃនគរបាលយុត្តិធម៌ ឬតុលាការ ឬក៏បទល្មើសនោះ ជាបទល្មើសជាក់ស្តែងក៏ដោយ។ ការចាត់ទុកថា ជនណាម្នាក់ជាជនមានទោស ដរាបណាសាលក្រមរបស់តុលាការបានចូលជាស្ថាពរ ប្រសិនបើជនជាប់ចោទមិនបានប្តឹងទាស់នឹងសាលក្រមដែលសម្រេចរបស់តុលាការថ្នាក់ក្រោមនោះ។
លោកមេធាវីបញ្ជាក់ថា ដូច្នេះហើយប្រជាពលរដ្ឋណាដែរវាយដំ ជនសង្ស័យរហូតរងរបួស ឬស្លាប់នោះ គឺជននោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ លោកមេធាវីបានលើកឧទាហរណ៍ថា ប្រសិនបើមានការវាយជនសង្យ័យក្នុងអំពើលួចម្នាក់ឱ្យរងរបួស ឬស្លាប់នោះតុលាការ ឬមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនជនប្រព្រឹត្តនោះមកផ្តន្ទាទោសដូច ជាជនសង្ស័យនោះផងដែរ ព្រោះអំពើខុសច្បាប់បានកើតឡើងចំនួន ២ករណីផ្សេងគ្នា ដោយទី១ គឺជនសង្ស័យរងការចោទពីបទលួច ខណៈជនដៃដល់ដែលវាយជនសង្ស័យត្រូវរងការចោទបទ ហិង្សា ឬអាចបទ ឃាតកម្ម ក្នុងករណីជនរងគ្រោះស្លាប់។
ចំពោះ សំណួរថា ចុះបើពលរដ្ឋវាយជនសង្ស័យដែលប្រព្រឹត្តបទល្មើសជាក់ស្តែងជាអំពើខុសច្បាប់ តើពលរដ្ឋអាចត្រឹមតែជួយចាប់ឃាត់ខ្លួនជនសង្ស័យទុកជូននគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងបានទេ?លោកមេធាវីដដែលបានថ្លែងថា ប្រសិនបើនៅក្នុងបទល្មើសជាក់ស្តែងនោះពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមសកម្មភាពចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីប្រគល់ឱ្យនគរបាលយុត្តិធម៌បាន ដែលពលរដ្ឋទាំងនោះត្រូវបានចាត់ទុកថា ជាពលរដ្ឋគំរូបំផុតដែលបានចូលរួមក្នុងសកម្មភាពសង្គម។
លោកមេធាវី អ៊ុ ប៊ុនធឿន បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូបចៀសឱ្យផុតពីការរួមគ្នាកាត់ទោសជនសង្ស័យដោយខ្លួនឯង ដោយទុកការងារទាំងនោះ ឱ្យស្ថាប័នមានសមត្ថកិច្ចរួមមាននគរបាលយុត្តិធម៌ និស្ថាបប័នតុលាការជាអ្នកអនុវត្តនីតិវិធីទៅតាមច្បាប់វិញ ទើបប្រទេសយើងត្រូវបានចាត់ទុកថា ជាប្រទេសប្រកបដោយនីតិរដ្ឋ៕