រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៤ មិថុនា ២០១៦ លោកស្រី កែវ សុវណ្ណារី ហៅស្រីពៅ និងម្តាយបង្កើតរបស់នាង រួមជាមួយកុមារាម្នាក់ដែលត្រូវបានម្តាយបង្កើត និងជីដូនអះអាងថា ជាកូនក្រៅខោរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះ បានពឹងពាក់អង្គការយុវជន ដើម្បីកិច្ចការសង្គមជូនទៅបំភ្លឺ និងដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងគោលបំណង បញ្ជាក់ថា ខ្សែអាត់សម្លេងដែលបានបែកធ្លាយជាសាធារណៈរឿងលោកកឹម សុខា ទើបនឹងមកពីអាមេរិក ហើយមានលុយ៤.០០០ដុល្លារយកមកឲ្យនាងនោះ គឺជារឿងពិត ព្រោះរូបនាងជាអ្នកនិយាយតាមទូរស័ព្ទដោយផ្ទាល់ជាមួយលោកកឹម សុខា មែន។
ករណីនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ប្រាប់លោកស្ត្រី ទាំងពីរនាក់ម្តាយកូន និងតំណាងអង្គការយុវជន ដើម្បីកិច្ចការសង្គមថា អង្គភាពប្រឆាំងអំពើពុករលួយ និងលើកយកករណីនេះ មកប្រជុំពិភាក្សាគ្នានៅព្រឹកថ្ងៃច័ន្ទ ទី៦ មិថុនា ស្អែកនេះ ជាមួយរឿងផ្សេងទៀតចំនួន៤រឿង ដើម្បីបញ្ជាក់ថា តើរឿងខាងលើជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឬមិនមែនជាសមត្ថកិច្ចរបស់អង្គភាពពុករលួយនោះទេ។ យ៉ាងណាក៏ដោយ កិច្ចពិភាក្សានេះ ទាមទារឲ្យសាម៉ីខ្លួនចូលរួមផងដែរ។
សូមបញ្ជាក់ថា ស្ត្រីពីរនាក់ម្តាយកូនខាងលើ បានរៀបរាប់ថា កន្លងមក មានបងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រលោកកឹម សុខា ខ្លះបាននិយាយចោទប្រកាន់ពួកគាត់ទាំងពីរនាក់ថា ជាស្រីយួនស៊ីឈ្នួលគណបក្សប្រជាជនតាមអុកឡុកលោកកឹម សុខា ហើយត្រូវបានអង្គរក្សលោកកឹម សុខា វាយទាត់ធាក់រហូតសន្លប់បាត់ស្មារតីក៏មានដែរ។ តែធាតុពិត គឺរូបនាងទាំងពីរនាក់ម្តាយកូន គឺជាកូនខ្មែរសុទ្ធសាត ហើយក៏គ្មានស៊ីឈ្នួលបុគ្គលណាដែរ គឺរូបនាងតាមទារលុយអាហារកិច្ច ដើម្បីចិញ្ចឹមកូនប្រុសម្នាក់ដែលកើតពីឈាមលោកកឹម សុខា ដាក់ឈ្មោះកឹម សុខៃ និងទាមទារឲ្យលោកកឹម សុខា សងលុយថ្លៃដីនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានទំហំទទឹង២៧ម៉ែត្រ និងបណ្តោយជាង១០០ម៉ែត្រ ដែលលោកកឹម សុខា ខ្ចីលក់កាលពីជាង១០ឆ្នាំកន្លងមក ដើម្បីយកមកធ្វើនយោបាយ។ តែផ្ទុយស្រឡះ គឺនៅពេលដែលលោកកឹម សុខា មានបុណ្យស័ក្តិ បែរជាបំភ្លេចរឿងរ៉ាវជាមួយគាត់ចោលអស់ ហើយទៅប្រព្រឹត្តិស្រីញី រហូតមានរឿងអាស្រូវមិនអស់មិនហើយឡើយ។
ជាមួយបញ្ហាខាងលើនេះ ស្ត្រីទាំងពីរនាក់ម្តាយកូនបានរត់រកអង្គការមនុស្សធម៌ ដើម្បីពឹងពាក់មេធាវីសើរើបណ្តឹងលោកស្រីដែលកប់នៅសាលាដំបូងរាប់ ឆ្នាំមកហើយ មិនឃើញមានចំណាត់ការផ្តល់យុត្តិធម៌ជូនគ្រួសារគាត់សោះ។ ចំពោះបញ្ហាខាងលើនេះ ស្ត្រីពីរនាក់ម្តាយកូន និងកុមារា កឹម សុខៃ សង្ឃឹមលើអង្គការយុវជន ដើម្បីកិច្ចការសង្គម និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ពិសេសសម្តេចតេជោ ហ៊ុន សែន និងជួយរកយុត្តិធម៌ជូនគ្រួសារគាត់ដែលពេលនេះកំពុងជួបការលំបាក ជាក់ស្តែងគ្មានទីពឹងអ្វីទាំងអស់ សូម្បីផ្ទះសម្បែងជ្រកកោននឹងគេក៏គ្មានដែរ៕