ភ្នំពេញ ៖ ក្នុងឱកាសជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦,អគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានបង្ហាញអំពីកង្វល់ចំពោះបញ្ហានយោបាយនៅកម្ពុជាហើយស្នើឱ្យ កម្ពុជាអនុវត្តដំណើរការឱ្យស្របតាមនីតិវិធីច្បាប់ចំពោះករណី លោក កឹម សុខា។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
មន្ដ្រីនាំពាក្យនេះបានបន្ដថា ក្នុងនាមលោកជាអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidtមិនបានកាន់ជើងខាងគណបក្សប្រឆាំង ឬក៏ខាងរដ្ឋាភិបាលនោះទេ ប៉ុន្ដែលោកគ្រាន់តែ មានការបារម្ភពីបញ្ហានយោបាយនៅកម្ពុជាតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ ឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក៏បានពន្យល់ពីទិដ្ឋភាពច្បាប់និងដំណើរការនៃការអនុវត្តន៍ច្បាប់នៅ កម្ពុជា ទៅកាន់លោកអគ្គរាជទូតអាមេរិក ផងដែរ៕