ភ្នំពេញ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង (រូបកណ្ដាល) ស្ដាប់សាក្សីផ្ដល់ចម្លើយលើបណ្ដឹងរបស់ខ្លួន នាអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន បដិសេធភ្លាមៗមិនចាត់វិធានការប្រឆាំងលោក កឹម សុខា លើបណ្ដឹងរបស់ស្ត្រីឈ្មោះ កែវ សុវណ្ណារី ដែលអះអាងថាជាស្ត្រីកំណាន់របស់លោក កឹម សុខា។ ក្នុងពេលជាមួយគ្នានោះដែរ បណ្ដឹងរបស់លោក រស់ សារ៉ុម ដែលជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា វិញ ដែលប្ដឹងមន្ត្រី គ.ជ.ប ៤រូប ក៏អង្គភាពនេះមិនចាត់វិធានការដែរ។
ការលេចមុខជាថ្មីទៀតនៅពេលនេះរបស់លោកស្រី កែវ សុវណ្ណារី ដែលជាប់ទាក់ទិនរឿងអាស្រូវស្នេហារបស់លោក កឹម សុខា កាលពី ៤ឆ្នាំមុននោះ បានអង្រួនសង្វៀនឆាកនយោបាយឲ្យកក្រើកឡើងវិញ ខណៈសំណុំរឿងថ្មីរបស់លោក កឹម សុខា ជាមួយអ្នកនាង ខុម ចាន់តារាទី នៅមិនទាន់បានស្ងប់នៅឡើយផងនោះ។
ប៉ុន្តែការបង្ហាញវត្តមានជាថ្មីឡើងវិញរបស់លោកស្រី កែវ សុវណ្ណារី និងម្ដាយនៅពេលនេះ គឺពុំមែនដូចមុនទៀតឡើយ ពោលគឺត្រូវអមដោយមនុស្សមួយក្រុមដែលជាក្រុមយុវជនរបស់លោក ស្រី ចំរើន វិញម្ដង។ គេសង្កេតមើលទៅ ក្រុមនេះហាក់ដូចជាប្រយ័ត្នប្រយែងណាស់ក្នុងការអនុញ្ញាតឲ្យជួបអ្នក កាសែត។
យ៉ាងណា ការចំណាយពេលប្រមាណ ៤ម៉ោង ដែលជជែកដេញដោលផ្ទាល់មាត់ លោក ឱម យ៉ិនទៀង បានទម្លាក់ចោលបណ្ដឹងទាំងពីរដាច់ដោយឡែកពីគ្នា ក្នុងចំណោមបណ្ដឹងដទៃទៀតដែលអង្គភាពនេះលើកយកមកជំនុំជម្រះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា។
ថ្លែងនៅចំពោះមុខអង្គប្រជុំនាអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី៦ ខែមិថុនា លោក ឱម យ៉ិនទៀង និយាយថា សំណុំរឿងដែលប្ដឹងឲ្យអង្គភាពចាត់វិធានការលើប្រធានស្ដីទីគណបក្ស ប្រឆាំង ក្រោមបទចោទថាបានប្រព្រឹត្តអំពើពុករលួយនោះ គឺវាផ្ទុយពីអ្វីដែលអង្គភាពនេះត្រូវដំណើរការក្ដីទៅវិញ។ លោកបន្តថា បើពិនិត្យលើអង្គហេតុក្នុងសំណុំរឿងនេះ គឺរកពុំឃើញធាតុផ្សំនៃបទល្មើស ដែលចាត់ទុកថាជាប្រភេទនៃទម្រង់អំពើពុករលួយណាមួយនោះទេ។ លោកបន្តថា «ចំពោះមុខភ្លាមៗនេះ អង្គភាពយល់ឃើញថា អង្គភាពមិនអាចយកបណ្ដឹងនេះចាត់ការបានទេ ព្រោះមិនមានជាប់ទាក់ទងផ្ទាល់រឿងសមត្ថកិច្ច។ បើថាពាក់ព័ន្ធផ្ទាល់ទៀត ក៏យើងបើកការចោទប្រកាន់មិនបានទៀត ដោយសារឯកឧត្ដម កឹម សុខា គាត់នៅមានអភ័យឯកសិទ្ធិ»។
ហេតុផលដែលស្ត្រីឈ្មោះ កែវ សុវណ្ណារី ប្ដឹងលោក កឹម សុខា នៅពេលនេះទៀត គឺចោទប្រកាន់ថា ប្រធានស្ដីទីបក្សប្រឆាំង ប្រព្រឹត្តអំពើពុករលួយទាក់ទងរឿងកាលពី ១៧ឆ្នាំមុន គឺមុនលោក កឹម សុខា បានល្បីឈ្មោះនៅពេលនេះ។ លោកស្រី កែវ សុវណ្ណារី ចោទប្រកាន់ថា អនុប្រធានបក្សប្រឆាំង បានល្បួងគ្រួសារលោកស្រីឲ្យលក់ផ្ទះមួយកន្លែងនៅម្ដុំវាលស្បូវ ក្នុងតម្លៃជាង ១ម៉ឺនដុល្លារ ដើម្បីដំណើរការគណបក្ស កាលណោះគឺគណបក្សសិទ្ធិមនុស្ស។
បើទោះជាមានការបដិសេធបែបនេះពីលោក ឱម យ៉ិនទៀង ក៏ដោយចុះ លោកស្រី សំ ផល្លា ដែលអះអាងថាត្រូវជាម្ដាយក្មេកចុងរបស់លោក កឹម សុខា នោះ បានចោទប្រកាន់ថា តាមពិត លោក កឹម សុខា នៅមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សមួយជាន់ទៀត ក្នុងពេលលោកទៅសហរដ្ឋអាមេរិកម្ដងៗ។ លោកស្រីបន្តថា ការចេញដំណើរម្ដងៗ គឺលោក កឹម សុខា បានធានាមនុស្សចេញក្នុងម្នាក់យកកម្រៃជើងសា ២ម៉ឺនដុល្លារ ជាថ្នូរបានទៅរស់នៅសហរដ្ឋអាមេរិក។ លោកស្រីបន្តថា «ចា៎! មានតើ! ឯកឧត្ដម។ គាត់លើកមុនគាត់ធ្លាប់យកមនុស្សចេញទៅក្រៅប្រទេស។ គាត់ទៅជាលេខាផ្ទាល់គាត់អ៊ីចឹងទៅ។ គាត់យកទៅម្នាក់ ២ម៉ឺនដុល្លារអ៊ីចឹងទៅ»។
ជុំវិញរឿងនេះ លោក ឱម យ៉ិនទៀង សន្យាថានឹងពិនិត្យលើសំណុំរឿងនេះ ហើយស្នើឲ្យមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ក្រៅពីនេះវិញ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏ទាត់ចោលបណ្ដឹងដាច់ដោយឡែកមួយផ្សេងទៀតដែររបស់លោក រស់ សារ៉ុម ដែលជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា។ លោកចាត់ទុកថា បើបទចោទដោយគ្រាន់តែសំអាងថា ការតែងតាំងមានជាប់សែស្រឡាយបក្ខពួក ឬសង្ស័យការជួបជុំរបស់មន្ត្រី គ.ជ.ប នោះ គឺវាពុំមែនជាដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវដំណើរការឡើយ។ លោកបន្តថា «ការពិភាក្សាថ្នាក់ដឹកនាំរវាង គ.ជ.ប ជាមួយអគ្គលេខាធិការខ្លួនក្នុងការរៀបចំតែងតាំង។ វាជាច្បាប់ វាជាការតម្រូវ។ វាជាគោលការណ៍តម្លាភាព មិនអាចចោទថាជាការបែងចែកអំណាចគ្នា។ ពិតថាអ្នកនេះបងប្អូនអ្នកនេះ ប៉ុន្តែឥតមានចូលទៅក្នុងមាត្រា៥ នៃច្បាប់នៃការរៀបចំ និងការប្រព្រឹត្តនៃ គ.ជ.ប ទេ»។
ពាក្យបណ្ដឹងរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា ចុះថ្ងៃទី២ ខែមិថុនា គឺប្ដឹងមន្ត្រី គ.ជ.ប ចំនួន ៤រូប ក្នុងនោះមានលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន និងមន្ត្រីពីររូបទៀត គឺលោក ម៉ៅ សុភារិទ្ធ និងលោក ហង្ស ពុទ្ធា។
បណ្ដឹងដែលចោទប្រកាន់ថា មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង ៤រូបនេះប្រព្រឹត្តអំពើពុករលួយនោះ ត្រូវបានលោក ឱម យ៉ិនទៀង បដិសេធមិនដំណើរការភ្លាមៗ ដោយសំអាងថា រកពុំឃើញធាតុផ្សំនៃបទល្មើសដែលចាត់ចូលក្នុងទម្រង់នៃអំពើពុក រលួយឡើយ៕