កំពង់ចាម៖ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន របស់ការិយាល័យប្រឆាំងគ្រឿងញៀន ដែលបង្ក្រាបកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៣៥០ លេខ៣៥១ និងលេខ៣៥២ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនជនជាប់ចោទចំនួន ០៣នាក់ ពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ។
សូមរំលឹកផងដែលថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៥ និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបាន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានប្រើប្រាស់ជំនាញចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន០១ ករណីនៅចំណុចភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមហេីយសមត្ថកិច្ចយេីងបានធ្វេីការ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ៈ
១.ឈ្មោះ អាត សាមឌី ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២.ឈ្មោះ ជីម ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ឈិត ទីណា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចយេីងរឹបអូសបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់) ឧបករណ៍សេពមួយសម្រាប់ និងឧបករណ៍សម្រាប់វេចខ្ចប់មួយចំនួនធំ ។
បច្ចុប្បន្នជនជាប់ចោទទាំង ០៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ទៅតាមបញ្ញត្តិច្បាប់មាត្រា ៤០ និង៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
មាត្រា៤០ បានចែងថាៈ ការផ្តល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើស និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ។
មាត្រា៤៥ បានចែងថាៈ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ តាមគ្រប់រូបភាព និងធ្លាប់ត្រូវបានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ១.០០០.០០០ រៀល ។
ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ១ឆ្នាំ និងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ រៀលទៅ ២.០០០.០០០ រៀល ។
ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈឹមដែលមានចែងក្នុងកថាខណ្ឌទី១ និងទី ២ ខាងលើនេះ ត្រូវផ្តន្ទាទោសដូចគ្នានិងបទមជ្ឈឹមខាងលើដែរ ។
ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តដោយសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ ព្រះរាជអាជ្ញាអាចឲ្យជនប្រព្រឹត្តរួចខ្លួនពីបទចោទ ។ ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យចារីនៃហេតុការណ៍នេះមិនបាច់ទទួលទោស ឬគ្រាន់តែស្តីបន្ទោសជននោះតែប៉ុណ្ណោះ ។ ត្រូវចាត់ទុកថាជាការទទួលទាន តាមទម្លាប់ការទទួលទានដែលមិនបណ្តាលឲ្យញៀន ហើយអ្នកទទួលទានជាអ្នកស្រុកទទួលទានតាមដូនតាធ្លាប់ប្រព្រឹត្តជាយូរមកហើយ ៕