ភ្នំពេញ៖ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថាលោកកំពុងពិចារណា និងប្រមូលភ័ស្តុតាងបន្ថែមទៀតទាក់ទងនឹងករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ចេញទៅក្រៅប្រទេសខណៈដែលអង្គភាពមួយនេះសម្រេចទាត់ចោលបណ្តឹងរបស់ ស្រី្តម្នាក់ដែលអះអាងថាជាម្តាយក្មេកប្រពន្ធចុងលោក កឹម សុខា ដែលធ្លាប់ចេញមុខតាមរំខានលោក កឹម សុខា កាលពីមុនការបោះឆ្នោតឆ្នាំ ២០១៣។
អង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញបានបើកកិច្ចប្រជុំ ទាក់ទងនឹងបណ្តឹងរបស់អ្នកស្រី កែវ សុវណ្ណារី ហៅស្រីពៅ និងម្តាយបង្កើតរបស់នាងឈ្មោះ សំ ផល្លា ដែលបានប្តឹងលោក កឹម សុខា ពីបទឆបោក រំលោភលើសេចក្តីទុកចិត្ត និងប្តឹងអង្គរក្សរបស់លោកឈ្មោះ ថាល់ និង ផល្លា ពីបទហិង្សាដោយចេតនា។ តែក្រោយពីបានស្តាប់ និងមើលពាក្យបណ្តឹងអង្គភាពសម្រេចមិនចាត់ការលើបណ្តឹងនេះទេដោយ បញ្ជាក់ថារឿងនេះមិនមានពាក់ព័ន្ធអង្គភាពប្រឆាំងអំពើពុករលួយឡើយ តែជាសមត្ថកិច្ចរបស់តុលាការ។
នៅពេលប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានសួរដេញដោលលើដើម បណ្តឹងអ្នកស្រី ផល្លា គាត់បានរៀបរាប់ថាលោក កឹម សុខា បានយកលុយពីក្រៅប្រទេសមកឱ្យកូនស្រីគាត់ចំនួន ៤ ពាន់ដុល្លារកាលពីឆ្នាំ ២០១៣ និងបាននាំមនុស្សចេញទៅក្រៅប្រទេសជាថ្នូរនឹងប្រាក់ ២ ម៉ឺនដុល្លារក្នុងម្នាក់។
ក្រោយពីស្តាប់ការរៀបរាប់ឯកឧត្តម ឱម យ៉ិនទៀង សម្រេចថានឹងពិចារណាករណីលោក កឹម សុខា រត់ពន្ធមនុស្ស។
នៅពេលឯកឧត្តម យ៉ិនទៀង សួរសំណួរថាតើលោក កឹម សុខា មានលុយផ្សេងក្រៅពីជំនួយទេ? អ្នកស្រី សំ ផល្លា ឆ្លើយថា «គាត់ (កឹម សុខា) លើកមុនធ្លាប់យកមនុស្សចេញទៅក្រៅប្រទេសដូចជាលេខាផ្ទាល់ម្នាក់ ២ ម៉ឺនដុល្លារពេលទៅដល់បងប្អូនគេមកយកខ្ញុំឮគាត់និយាយអ៊ីចឹង»។
ឯកឧត្តម យ៉ិនទៀង បញ្ជាក់ថា៖ «អង្គភាពមិនអាចទទួលយកពាក្យប្តឹង (បទឆបោក) នេះមកចាត់ការបានទេព្រោះមិនមានការពាក់ព័ន្ធផ្ទាល់ជាមួយ សមត្ថកិច្ចបើពាក់ព័ន្ធមែនក៏យើងចោទប្រកាន់មិនបានទៀតដោយសារ ឯកឧត្តម កឹម សុខា នៅមានអភ័យឯកសិទ្ធិប៉ុន្តែអង្គភាពអាចយកព័ត៌មានពីរឿងលុយ (ករណី កឹម សុខា នាំមនុស្សចេញទៅក្រៅម្នាក់ ២ ម៉ឺនដុល្លារ) អាចយកបញ្ហាដែលគាត់ចែករំលែកដល់បង់ ៤ ពាន់ដុល្លារពីក្នុងកញ្ចប់ថវិការៃអង្គាសពីសហរដ្ឋអាមេរិកមក ពិចារណា»។
«ធម្មតានៅអាមេរិកតែជាន់ដីគេហើយមានសិទ្ធិច្រើនយ៉ាងទៀតអ៊ីចឹង អានេះជាបទរត់ពន្ធមនុស្ស ឬមានស្អីផ្សេងទៀតប៉ុន្តែភ័ស្តុតាងនេះយើងសង្ឃឹមថា ស្ថានទូតអាមេរិកសហការជាមួយយើង យើងនឹងធ្វើលិខិតទៅស្ថានទូតនៅម៉ោង ២ រសៀលនេះ (ម្សិលមិញ) សុំឱ្យដឹងថារាល់ឯកឧត្តម កឹម សុខា ចេញទៅអាមេរិកគាត់ទៅប៉ុន្មាននាក់ហើយប៉ុន្មាននាក់ដែលទៅជាមួយ និងមានប៉ុន្មាននាក់ដែលមកវិញ?»។
អ្នកស្រី ផល្លា ថ្លែងថាមូលហេតុដែលអ្នកស្រីចេញមុខប្តឹងនាពេលនេះដោយសារអ្នកស្រី ឈឺចិត្តដោយអះអាងថា៖ «លោក កឹម សុខា ខ្ចីផ្ទះខ្ញុំលក់ជាង ១០ ឆ្នាំហើយកាលគាត់នៅគណបក្សសិទ្ធិមនុស្សគាត់ប្រាប់ថាខ្ចីទៅបើក ស្នាក់ការសម្រាប់សកម្មជនតាមខេត្តពេលមានបានវិញគាត់ថាសង់ផ្ទះឱ្យ ខ្ញុំធំជាងហ្នឹងទីបំផុតគាត់ខ្ចីខ្ញុំរហូតដល់ថ្ងៃនេះ»។
ស្ត្រីពីរនាក់ម្តាយ និងកូនរូបនេះធ្លាប់បានចេញមុខជាសាធារណៈមកអះអាងកាលពីមុនការ បោះឆ្នោតឆ្នាំ ២០១៣ ថាខ្លួនជាប្រពន្ធចុងលោក កឹម សុខា ហើយបានតាមស្កាត់ជួបលោក សុខា នៅតាមបណ្តាខេត្តមួយចំនួនដែលលោក សុខា បានទៅជួបសកម្មជនរបស់លោក។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jay R. Raman បានប្រាប់ តាមរយៈសារអេឡិចត្រូនិកថា៖ «ស្ថានទូតអាមេរិកដឹងអំពីព័ត៌មានដែលចោទប្រកាន់ពាក់ព័ន្ធនឹងការ ជួញដូរមនុស្សនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាហើយយើងនឹងយកចិត្ត ទុកដាក់តាមដានក្នុងករណីនេះយ៉ាងម៉ឺងម៉ាត់»។ «យើងមិនទាន់អាចអត្ថាធិប្បាយពីលទ្ធភាពលើសំណើរបស់អាជ្ញាធរកម្ពុជា ដែលនឹងស្នើសុំយើងនៅពេលខាងមុខនោះទេ»។
មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កឹម សុខា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឡើយកាលពីម្សិលមិញ៕