ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខេមិថុនា ឆ្នាំ២០១៦ថា ស្ថាប័ន គ.ជ.បក៏ដូចជាថ្នាក់ដឹកនាំ គ.ជ.ប ចង់បញ្ចប់រឿងជាមួយ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនដោយមិនប្តឹងផ្តល់ទៅមុខទៀតទេ បន្ទាប់ពីលោករស់ សារ៉ុម ធ្វើលិខិតសុំទោស និងរៀបចំសន្និសីទកាសែតសុំទោសជាសាធារណៈនូវអ្វីដែលខ្លួនធ្លាប់បាន ចោទប្រកាន់លើថ្នាក់ដឹកនាំ គ.ជ.ប កន្លងមក។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយថា លោកបានសង្កេតឃើញថាឥរិយាបទរបស់ លោក រស់ សារ៉ុម មានភាពទន់ភ្លន់ឡើងវិញ ហើយចេះទទួលស្គាល់កំហុស។ លោកថា ថ្នាក់ដឹកនាំ គ.ជ.បនឹងមិនប្រកាន់ទោសពៃអ្វីទេ បើសិនជា លោក រស់ សារ៉ុម បង្ហាញដល់សាធារណជន កុំឱ្យមានការភ័ន្តច្រឡំលើគ.ជ.ប និងថ្នាក់ដឹកនាំ គ.ជ.ប តទៅទៀត។
លោកថា “ទី១ គ.ជ.ប បានឃើញអំពីឥរិយាបទទន់ភ្លន់របស់គាត់, ទី២ គាត់ក៏បានបង្ហាញការសុំទោស គ្រាន់តែថា បើសិនជា គាត់អាចធ្វើដល់សន្និសីទកាសែត សុំទោសជាសាធារណៈ ដើម្បីលុបលាងនូវអ្វីដែលជាការភ័ន្តច្រឡំរបស់សាធារណជនមកលើស្ថាប័នគ .ជ.ប មកលើបុគ្គលភាពដែលគាត់បានរំលេចឡើងចំនួន៤នាក់នោះ ព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នផង និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរបស់បុគ្គលផង នោះរឿងហ្នឹងនឹងចាប់ហើយ”។
ការធ្វើលិខិតសុំទោស របស់លោក រស់ សារ៉ុម បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)សម្រេចច្រានចោល បណ្តឹងរបស់លោក ដែលបានប្ដឹង បន្ទាប់ពីពិភាក្សាឃើញថា មិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកលើថ្នាក់ដឹកនាំ និងមន្ដ្រី គ.ជ.ប ដូចដែលប្រធានសមាគមនេះចោទប្រកាន់៕