ត្បូងឃ្មុំ:តំណាងអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំបានសម្រេចចោទប្រកាន់បុរសជាគ្រូពេទ្យអាយុ៧១ឆ្នាំ ម្នាក់ពីបទបើកបន្ទប់ពិគ្រោះព្យាបាលជំងឺដោយគ្មានលិខិតអនុញ្ញាត និងពីបទមនុស្សឃាតដោយចេតនាហើយចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចាត់វិធានការឃុំខ្លួនបណ្តោះអាសន្នតាមនីតិវិធីកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៦។
កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦បុរសឈ្មោះ ឯម ថុល អាយុ ៤៦ ឆ្នាំបានស្លាប់នៅក្នុងផ្ទះរបស់ខ្លួននៅភូមិតូង សង្កាត់សួង ក្រុងសួង។ បន្ទាប់ពីជនរងគ្រោះរូបនេះទទួលការព្យាបាលពីគ្រូពេទ្យប្រចាំភូមិ ឈ្មោះ ពេជ្រ ញ៉ អាយុ ៧១ ឆ្នាំ ដោយបានចាក់ថ្នាំ ចំនួនបីម្ជុល រយ:ពេល៣០ នាទីក្រោយក៏រឹងថ្គាមស្លាប់តែម្តង។ ខណ:នោះខាងមន្ត្រីនគរបាលក្រុងសួងបានចាប់ខ្លួនគ្រូពេទ្យ ពេជ្រ ញ៉ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួង បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី ៩ ខែមិថុនា ថា ជនជាប់ចោទ ពេជ្រ ញ៉ ត្រូវបានតំណាងអយ្យការគឺលោកប៉ុកតារាព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តត្បូងឃ្មុំ ធ្វើការចោទប្រកាន់ពីបទបើកបន្ទប់ពិគ្រោះព្យាបាលជំងឺដោយគ្មាន លិខិតអនុញ្ញាត និងពីបទមនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅភូមិតូង សង្កាត់សួង ក្រុងសួងកាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦។ ដោយបទល្មើសមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣,មាត្រា៥,មាត្រា៦និងមាត្រា១៣នៃច្បាប់ស្តីពី ការគ្រប់គ្រងលើការប្រកបវិជ្ជាជីវ:ឯកជនក្នុងវិស័យវេសាស្ត្រអម វេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្ត្រ និង មាត្រា២០៧នៃក្រមព្រហ្មទណ្ឌ។
លោកអធិការបានឲ្យដឹងថា បន្ទាប់មកលោក ឡុច ឡៅ ជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះបានសម្រេចឃុំខ្លួនជនជាប់ចោទ ពេជ្រ ញ៉ ជាបណ្តោះអាសន្នបើកការស៊ើបអង្កេតតាមនីតិវិធីចាប់ពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៦ និង មិនឲ្យហួសពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦។ លើកលែងតែមានដីកាបង្គាប់ឲ្យពន្យារពេលឃុំ ឬដីកាបង្គាប់ឲ្យពន្យារពេលឃុំ ឬដីកាបង្គាប់ឲ្យរក្សាទុកជនជាប់ចោទ ក្នុងឃុំរង់ចាំការជំនុំជម្រះ។
គួរកត់សម្គាល់ថា នេះជាលើកដំបូងហើយដែលសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការចាប់ខ្លួនលើគ្រូពេទ្យដែលព្យាបាលអ្នកជំងឺស្លាប់។ ប៉ុន្តែសមត្ថកិច្ចពុំទាន់បានចាត់វិធានការលើគ្រូពេទ្យដែលព្យាបាល បណ្តាលឲ្យស្លាប់លើស្ត្រីមានផ្ទៃពោះគ្រប់ខែឆ្លងទន្លេទាំងម្តាយ និងកូនកាលពីឆ្នាំ២០១៥ រស់នៅក្បែរមណ្ឌលសុខភាពឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ៕