ភ្នំពេញ៖ មន្ត្រីពន្ធនាគារ បានបង្ហើបឱ្យដឹងថាបន្ទាប់ពីជាប់ឃុំនៅពន្ធនាគារPJ បាន១៣ថ្ងៃមក លោកឧកញ៉ា សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បានចេញពីគុកហើយក្រោយពីតុលាការសម្រេចចេញដីកាឱ្យនៅក្រៅឃុំហើយ នៅម៉ោងប្រមាណជា១១ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
ជនជាប់ចោទលោក សឹង ប៊ុណ្ណា ត្រូវបាន លោក ឡុង កេសភារម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន (ចេញសែកស្អុយ) យោងតាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។
សូមបញ្ជាក់ផងដែរថា លោកឧកញ៉ា សឹង ប៊ុណ្ណា គឺជាអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុបដែលជាក្រុមហ៊ុនជំនាញខាងវាយតម្លៃអចលនទ្រព្យដ៏ល្បីនៅ កម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនានេះ ពាក់ព័ន្ធនឹងករណីចេញមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ចំនួន៤០ ម៉ឺនដុល្លារអាមេរិក ទៅឱ្យទៅដើមបណ្ដឹងឈ្មោះ កាវ ហ៊ុន។ បន្ទាប់ពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីភ្លាមៗតែម្តង៕