ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពីបទ«ជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន» យ៉ាងចាស់ដៃ តាមបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសម្រេចឲ្យនៅក្រៅឃុំជា បណ្ដោះអាសន្ន បន្ទាប់ពីលោកចៅក្រមបានបញ្ចប់ការសាកសួរនាវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ ខែមិថុនា ។ នេះបើតាមការផ្ដល់ដំណឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្ត ប៉ុន្តែការនៅក្រៅឃុំនេះ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាប្រចាំផងដែរ ។
ស្ត្រីឈ្មោះ ប៉ាង ស៊ីណា អាយុ៣៥ឆ្នាំ មានមុខរបរជា«ចុងភៅម្ហូបការ» រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង បានត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថា ស្ត្រីរូបនេះបានប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនជេរប្រមាថ «សម្ដេចតេជោ ហ៊ុន សែន» ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតនិងមិនអាចអត់ឱនឱ្យបាន ។ ស្ត្រីរូបនេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការអម សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ដើម្បីចាត់វិធានការតាមនីតិវិធី ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថបានឲ្យដឹងថា ស្ត្រីឈ្មោះ ប៉ាង ស៊ីណា គឺជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ស៊ីណា នាគមាស» ហើយបានសរសេរខ្លឹមសារជេរប្រមាថ«សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត» ដោយប្រើពាក្យធ្ងន់ៗបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនជា បន្តបន្ទាប់ ចាប់តាំងពីថ្ងៃ៣០ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ ប៉ុន្តែស្ត្រីរូបនេះបានបដិសេធថា ខ្លួនមិនមែនជាអ្នកសរសេរខ្លឹមសារជេរប្រមាថប្រមុខដឹកនាំ រាជរដ្ឋាភិបាលនោះទេ តែអាចអ្នកផ្សេងជាអ្នកប្រព្រឹត្តរឿងនេះ ព្រោះទូរស័ព្ទរបស់ខ្លួនបានជ្រុះបាត់តាំងពីមុនរឿងនេះកើតឡើង ហើយខ្លួនមិនបានបិទអាខោនក្នុងបណ្តាញសង្គមនោះទេ ។
ស្ត្រីដែលជាម្ចាស់អាខោន«ស៊ីណា នាគមាស» បានឆ្លើយនៅក្នុងកំណត់ហេតុរបស់សមត្ថកិច្ចថា ទូរស័ព្ទប្រភេទ«ស្មាតហ្វូន»របស់ខ្លួនបានជ្រុះបាត់កាលពីថ្ងៃ ទី១២ ខែឧសភា ដែលអាចជ្រុះនៅចន្លោះពីផ្ទះរបស់ខ្លួនទៅកាន់ផ្សារកំរៀង ។ ស្ត្រីរូបនេះបន្តថា ប៉ុន្មានថ្ងៃ ក្រោយពីបាត់ទូរស័ព្ទ ខ្លួនបានយកទូរស័ព្ទស្វាមីមកបើកមើលហ្វេសប៊ុករបស់ខ្លួន ស្រាប់តែឃើញមានគេយកអាខោនរបស់ខ្លួនទៅប្រើប្រាស់ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។
លុះនៅថ្ងៃទី២០ ខែឧសភា ខ្លួនក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលឃុំត្រាង ស្រុកកំរៀង ដើម្បីឱ្យសមត្ថកិច្ចជ្រាបពីបញ្ហានេះ ។ ស្ត្រីឈ្មោះ ប៉ាង ស៊ីណា បញ្ជាក់ថា បើទោះជាខ្លួនបានប្ដឹងទៅសមត្ថកិច្ចហើយក្ដី តែអាខោនរបស់ខ្លួននៅតែត្រូវគេយកទៅប្រើប្រាស់ ថែមទាំងសរសេរខ្លឹមសារជេរប្រមាថ «សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត» បង្ហោះជាបន្តបន្ទាប់។ នេះជាចម្លើយដែលស្ត្រីរូបនេះបានបំភ្លឺប្រាប់សមត្ថកិច្ចនៅពេល ត្រូវឃាត់ខ្លួន ។
ប៉ុន្តែនៅរសៀលថ្ងៃទី២៥ ខែមិថុនា ពេលត្រូវសមត្ថកិច្ចបញ្ជូនដល់សាលាដំបូងខេត្ត ស្ត្រីឈ្មោះ ប៉ាង ស៊ីណា បានបង្ហើបប្រាប់អ្នកសារព័ត៌មានបែបលាក់លៀមនៅខាងក្រៅបន្ទប់តំណាង អយ្យការថា «តាមពិតទូរស័ព្ទហ្នឹងមិនមែនជ្រុះបាត់ទេ គឺខ្ញុំយកទៅបញ្ចាំគេនៅផ្សារព្រំ ខេត្តប៉ៃលិន ក្នុងតម្លៃ៥.០០០បាត តែខ្ញុំបានទៅប្ដឹង និងឆ្លើយប្រាប់សមត្ថកិច្ចថាជ្រុះបាត់ ដើម្បីកុំឲ្យប្ដីដឹង» ។ ស្ត្រីរូបនេះថែមទាំងបានបង្ហើបប្រាប់ឈ្មោះ និងលេខទូរស័ព្ទអ្នកទទួលបញ្ចាំទៀតផង និងសុំឲ្យអ្នកសារព័ត៌មានជួយសរសេរលាក់លៀមអំពីរឿងនេះ ។ នៅពេលសួរថា តើការយកទូរស័ព្ទទៅបញ្ចាំនោះយកប្រាក់ទៅលេងល្បែងមែនទេ ? ស្ត្រីរូបនេះហាក់មានការរារែក តែបានឆ្លើយទាំងឈ្ងោកមុខថា «លេងតិចតួចដែរ..» ។
ជុំវិញការផ្ដល់ចម្លើយហាក់មិនជាក់លាក់ដល់សមត្ថកិច្ចនេះ គេមិនទាន់ដឹងថា តើស្ត្រីរូបនេះធ្វើក្នុងគោលបំណងអ្វីនោះទេ ខណៈសំណុំរឿងមានទំហំធំស្ទើរប៉ុនភ្នំបែបនេះ ។ ប៉ុន្តែបើតាមសម្ដីស្ត្រីរូបនេះដែលបំភ្លឺពីដំបូង គឺទំនងចង់លាក់លៀមកុំឲ្យប្ដីដឹងថា ខ្លួនយកទូរស័ព្ទនោះទៅបញ្ចាំ ។ បើតាមប្រភពព័ត៌មានមួយចំនួនដែលគេធ្លាប់ស្គាល់ស្ត្រីរូបនេះបាន ដាក់ការសង្ស័យថា ស្ត្រីរូបនេះអាចពាក់ព័ន្ធនឹងល្បែងស៊ីងសងតែម្ដង បានជាឆ្លើយត្រឡប់ត្រឡិនយ៉ាងនេះ ។
មន្ត្រីអាវុធហត្ថបានប្រាប់ថា ស្ត្រីឈ្មោះ ប៉ាង ស៊ីណា និងជាម្ចាស់គណនីហ្វេសប៊ុក «ស៊ីណា នាគមាស» នេះ ត្រូវលោកព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ជេរប្រមាថ» ដែលប្រព្រឹត្តទៅលើថ្នាក់ដឹកនាំកំពូល(សម្ដេចតេជោ ហ៊ុន សែន) ហើយចៅក្រមស៊ើបសួរ លោក លិ សុខា ជាអ្នកបើកការស៊ើបអង្កេតលើសំណុំរឿងនេះ។
អ្នកសារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺបន្ថែមពីលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបានភ្លាមៗទេ ជុំវិញសំណុំរឿងស្ត្រីចុងភៅជេរប្រមាថថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា តាមបណ្ដាញសង្គមខាងលើនេះ ។
ប៉ុន្តែបើតាមមន្ត្រីអាវុធហត្ថដែលធ្វើការងារនេះ បានបញ្ជាក់ប្រាប់នៅវេលាថ្ងៃត្រង់ថ្ងៃទី២៦ខែមិថុនា ក្រោយពីចៅក្រមស៊ើបសួរបញ្ចប់ការសាកសួរស្ត្រីខាងលើនេះថា ចៅក្រមស៊ើបសួរលោកលិ សុខា បានសម្រេចឲ្យស្ត្រីឈ្មោះ ប៉ាង ស៊ីណា នេះនៅក្រៅឃុំជាបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាប្រចាំ ដើម្បីតាមដាន និងធ្វើការស៊ើបអង្កេតជាបន្តទៀត ។
បញ្ហាប្រើប្រាស់ហ្វេសប៊ុកជាចំហ ហើយបានធ្វើការជេរប្រមាថដោយខុសពីការបញ្ចេញមតិ ប្រហែលជាមិនសូវមានអ្នកណាថ្លើមធំហ៊ានធ្វើបែបនេះទេ ព្រោះជាបទល្មើស ដែលនរណាៗក៏មិនអាចអត់ឱនឱ្យបានដែរ ៕