ភ្នំពេញៈ ជនដៃដល់ កែវ សុវណ្ណារិទ្ធ ដែលជាអតីតមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃដែលបានបាញ់ សម្លាប់មនុស្ស ៣ នាក់នៅក្នុងជម្លោះថ្លៃទិញអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈកាលពី ឆ្នាំមុនត្រូវបានសាលាដំបូងរាជធានីកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំកាលពីម្សិលមិញពីបទឃាតកម្មបន្ទាប់ពីបានជំនុំជម្រះកាលពី ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០១៦។
លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានប្រកាសសាលក្រមដែលមានខ្លឹមសារថា៖ «តុលាការសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ២៧ ឆ្នាំដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំពីបទឃាតកម្មតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅចំណុចផ្ទះលេខ ២២C ផ្លូវលេខ ៣៥៨ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥»។
សាលក្រមក៏បានសម្រេចដកហូតកាំភ្លើងម៉ាកបេរ៉ូតាពណ៌ខ្មៅលាយ ទឹកប្រាក់ទុកជាសម្បត្តិរដ្ឋប៉ុន្តែប្រគល់ប័ណ្ណសម្គាល់ខ្លួន មន្ត្រីប៉ូលិសឈ្មោះ កែវ សុវណ្ណារិទ្ធ និងប័ណ្ណអាវុធទៅឲ្យជនជាប់ចោទវិញ។
កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ មានជម្លោះហិង្សាមួយបានកើតឡើងក្នុងសង្កាត់ទួលស្វាយព្រៃ ១ ដែលឈានដល់ការបាញ់សម្លាប់មេភូមិ ៤ ឈ្មោះ ជុប ឡាយ អាយុ ៦២ ឆ្នាំកូនប្រុសគាត់ឈ្មោះ ប៊ុន លឿន អាយុ ១៨ ឆ្នាំ និងក្មួយរបស់គាត់ឈ្មោះ ប៊ុន ឫទ្ធី អាយុ ៣០ ឆ្នាំ។
មន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ ១ លោក ពៅ ពិដោរ បានបញ្ជាក់ក្រោយពេលកើតហេតុថាជម្លោះដែលឈានដល់ការបង្ហូរឈាមគ្នា នេះកើតឡើងពីទំនាស់ពាក្យសម្តីរឿងទារលុយថ្លៃអំពូលភ្លើងដាក់ បំភ្លឺផ្លូវសាធារណៈដែលមានតម្លៃ ៥០ ដុល្លារសម្រាប់ ១ គ្រួសារ។ ប៉ុន្តែឈ្មោះ កែវ សុវណ្ណារិទ្ធ បានយល់ព្រមឲ្យតែ ២៥ ដុល្លារប៉ុណ្ណោះដែលជាហេតុនាំឲ្យមានអំពើហិង្សាកើតឡើងដោយភាគីខាង មេភូមិមានដាវសាមូរ៉ៃ ២ ដើមចំណែកភាគីខាងមន្ត្រីប៉ូលិសមានកាំភ្លើងខ្លីមួយដើម។ ក្នុងជម្លោះនោះមេភូមិឈ្មោះ ជុប ឡាយ ត្រូវបានបាញ់ស្លាប់នៅនឹងកន្លែងចំណែកកូន និងក្មួយរបស់គាត់បានស្លាប់នៅមន្ទីរពេទ្យ។ ចំណែក កែវ សុវណ្ណារិទ្ធ ក៏ទទួលរងរបួសធ្ងន់ផងដែរ។
លោក ម៉ក់ ប៊ុណ្ណា មេធាវីការពារឲ្យ កែវ សុវណ្ណារិទ្ធ បាននិយាយថាការកាត់ទោសឲ្យកូនក្តីលោកជាប់ ១០ ឆ្នាំមិនយុត្តិធម៌សម្រាប់កូនក្តីលោកទេដោយសារកូនក្តីលោកបាញ់ ទៅលើជនរងគ្រោះដើម្បីការពារខ្លួនប៉ុណ្ណោះនៅពេលភាគីខាងមេភូមិយក ដាវសាមូរ៉ៃមកកាប់លើរូបគាត់។
លោកថ្លែងថា៖ «គ្នាការពារខ្លួនហើយធម្មតាគេកាប់យើងហើយយើងបណ្តោយឲ្យគេកាប់វា អាចនឹងស្លាប់។ គ្នាគេមាន ៣ នាក់កាន់ទៅដោយដាវសាមូរ៉ៃ។ ដាវសាមូរ៉ៃនេះមានតុល្យភាពព្រោះជាអាវុធសម្លាប់មនុស្សបាន»។
បើតាមលោក ប៊ុណ្ណា ពុំមានវត្តមានសាច់ញាតិរបស់ជនរងគ្រោះទេក្នុងពេលសវនាការកាលពី ថ្ងៃទី ២៥ ខែឧសភាដោយសារភាគីដើមបណ្តឹងបានឈប់ប្តឹងកូនក្តីលោក។ ប៉ុន្តែលោកព្រះរាជអាជ្ញា ហោ លីណា បានសម្រេចរក្សាបទចោទទុកជាបានការដោយអះអាងថាការការពារខ្លួនមិន មានតុល្យភាព។
គ្មានប្រភពណាបញ្ជាក់ថាមានការទាមទារសំណងប៉ុន្មានទេក្នុងរឿង ក្តីឃាតកម្មបាញ់សម្លាប់មនុស្សរហូតដល់ទៅ ៣ នាក់នេះប៉ុន្តែលោកមេធាវី ម៉ក់ ប៊ុណ្ណា និយាយថាការដកពាក្យបណ្តឹងនេះដោយសារតែ «គាត់ (ដើមបណ្តឹង) យល់ឃើញថាភាគីខាងគាត់ជាអ្នកមានកំហុសហើយគាត់អស់ចិត្ត គាត់ស្ងប់ចិត្តនូវអ្វីដែលកើតឡើងដោយគាត់គ្រាន់តែសុំប្រាក់ ឧបត្ថម្ភធ្វើបុណ្យសពបន្តិចបន្តួចតែប៉ុណ្ណោះ»៕