ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រកាសថាលោកស្រីនឹងធ្វើលិខិតមួយទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីជួយជម្រុញ និងអន្តរាគមន៍លើបណ្ដឹងរបស់តារាចម្រៀង វ៉ាន់ នីឡាដែលបានប្ដឹងជនអនាមិកទម្លាយរូបស្រាតរបស់នាង នាពេលកន្លងមក។
ការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងវប្បធម៌ គឺបានធ្វើឡើងនៅក្នុងជំនួបជាមួយក្រុមអ្នកសិល្បៈដែលបានយកញត្តិ ថ្កោលទោសជនអនាមិក ទម្លាយរូបស្រាតរបស់កញ្ញាវ៉ាន់ នីឡា ទៅដាក់នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកស្រីរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែមិថុនា។
បន្ទាប់ពីទទួលញត្តិ និងស្ដាប់តាមការរៀបរាប់នូវកំហុសឆ្គង របស់តារាចម្រៀង វ៉ាន់ នីឡារួចពីក្រុមសិល្បករដែលបានយកញត្តិទៅដាក់រួចរាល់ លោកស្រីរដ្ឋមន្ត្រី ក៏បានប្រកាសនៅចំពោះមុខ អ្នកសិល្បៈទាំងអស់ដែលបានចូលរួមថានឹងជួយតាមដានរឿងបណ្ដឹង របស់កញ្ញា វ៉ាន់ នីឡា នៅក្នុងក្រសួងមហាផ្ទៃ ដើម្បីឲ្យរឿងនេះឆាប់ទទួលបាននូវពន្លឺយុត្តិធម៌ដែលនាងកំពុងតែទទួល រងគ្រោះ។
សូមបញ្ជាក់ថា ជុំវិញសំណុំរឿងរបស់កញ្ញា វ៉ាន់ នីឡា ដែលបានប្ដឹងទៅក្រសួងមហាផ្ទៃ ស្វែងរកយុត្តិធម៌ កាលពីជាងមួយខែមុន ព្រោះតែជនអនាមិកទម្លាយរូបស្រាត នៅពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម«មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានប្រកាសថា សមាគមនឹងផ្ដល់មេធាវី ជូនកញ្ញា វ៉ាន់ នីឡា ដោយឥតគិតថ្លៃ ដើម្បីជាការលើកទឹកចិត្តក៏ដូចជាជំនួយផ្នែកច្បាប់ ជួយដល់កញ្ញា វ៉ាន់ នីឡា ក្នុងការស្វែងរកពន្លឺយុត្តិធម៌៕