លោក កឹម សុខា អវត្តមាន​សវនាការ នៅ​សាលាឧទ្ធរណ៍

04-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពុំបាន​បង្ហាញ​វត្តមាន​នោះទេ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ ខណៈ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ចាប់ផ្ដើម​សវនាការ​ចំពោះ​បទល្មើស​បដិសេធ​ក្នុងការ​ចូលខ្លួន​។ ប៉ុន្តែ​ទោះបីយ៉ាងណា មេធាវី​របស់លោក កឹម សុខា បាន​ចូលរួម​សវនាការ​ដើម្បី​តតាំង​នីតិវិធី​។​

​សវនាការ​នេះ ដឹកនាំ​ដោយ​លោក ភូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ងួន អ៉ី​ម លោក សួស សំអាត ជា​សមាជិក និង​លោក ហ៊ឹង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ​។​

​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក សំ សុ​គង់  ធ្លាប់បាន​បញ្ជាក់ថា កម្មវត្ថុ​នៃ​សវនាការ​នេះ គឺ ក្រុម​មេធាវី​បាន​ប្តឹង​ជំទាស់​មោឃភាព​ចំពោះ​នីតិវិធី​ទាំងអស់ ទាំង​សមត្ថកិច្ច​ព្យាយាម​ចាប់ខ្លួន​លោក កឹម សុខា តុលាការ​ចោទប្រកាន់​លោក កឹម សុខា និង​តុលា​ការកោះហៅ​លោក កឹម សុខា ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​។​

​គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការកោះហៅ​ពីរលើក​មិន​ចូល​បង្ហាញខ្លួន ដែល​ចាត់ទុកជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។
​ជាមួយគ្នានេះ  ព្រះរាជអាជ្ញា​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ផ្ញើ​របាយការណ៍​បី​ទំព័រ ជូន​ដល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទង​នឹង​ការចោទប្រកាន់​លើ លោក កឹម សុខា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម​៕

ចំនួនអ្នកទស្សនា

    19622967

  • ថ្ងៃនេះ821
  • ម្សិលមិញ3941
  • សប្តាហ៍នេះ13161
  • ខែនេះ59261
  • ឆ្នាំនេះ395521
  • សរុប19622967