ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នាពេលឆាប់ៗខាងមុខនេះ ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។
គម្រោងសវនាការនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរសំណុំរឿងនេះ រួចបញ្ជូនទៅបើកសវនាការជំនុំជម្រះ ។
យោងតាមសេចក្ដីជូនដំណឹង អំពីនីតិវិធីបិទការស៊ើបសួរ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដែលទើបត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប្រាប់មកជនត្រូវចោទឈ្មោះ កឹម សុខា អាយុ៦៣ឆ្នាំ មុខរបរតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ថា ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៣៨២ អ.យ.ឋ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ “បដិសេធក្នុងការចូលខ្លួន” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចបិទការស៊ើបសួរ ។សេចក្ដីជូនដំណឹង អំពីនីតិវិធីបិទការស៊ើបសួរ នេះ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅបិទនៅមុខផ្ទះលោក កឹម សុខា កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ផងដែរ ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី ពុំទាន់ផ្ដល់បទសម្ភាសន៍អំពីនីតិវិធីបន្ទាប់ ក្រោយតុលាការសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា នៅឡើយទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
គួររំលឹកថា ក្រោយសវនាការជិត៣ម៉ោងរួចមក កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្ដឹងសុំមោឃភាពនីតិវិធីរបស់ក្រុមមេធាវី៥រូបការពារក្ដីលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ។
លោក ហែម សុជាតិ មេធាវីមួយរូប ថ្លែង ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងសុំមោឃភាពនីតិវិធីរបស់ក្រុមមេធាវី រួចបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តកិច្ចស៊ើបសួរ ។មូលហេតុនៃការសម្រេចច្រានចោលនេះ ត្រូវបានលោកមេធាវី ហែម សុជាតិ បញ្ជាក់ថា កាលដែលក្រុមមេធាវីលើកឡើងពីមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និង មាត្រា៧ មាត្រា៩ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រនោះ គឺ សភាស៊ើបសួរសាលាឧទ្ធរណ៍ គ្មានមូលភាព និង សមត្ថកិច្ច ពិចារណា នោះទេ ៕