ភ្នំពេញ៖ស្ត្រីគ្រូទាយម្នាក់ដែលឆបោក មនុស្សជាច្រើននាក់សរុបទឹកប្រាក់ជាង៦០ម៉ឺនដុល្លារអាមេរិកត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ស្ត្រីគ្រូទាយរូបនេះឈ្មោះ កាំង បៀង អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០១៦ នៅភូមិប៉ប្រកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលស្ត្រីគ្រូទាយរូបនេះ កំពុងបោកប្រជាពលរដ្ឋមួយគ្រួសារ ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ មានម្ដាយ និងកូនពីរនាក់ ដោយម្តាយឈ្មោះ រិតទូច អាយុ៥២ឆ្នាំ មុខរបរលក់បាយ និងកូនស្រីឈ្មោះ សុខ ចាន់ណា អាយុជាង៣០ឆ្នាំ មុខរបរលក់បាយ បានទៅរកគ្រូទាយឈ្មោះ កាំងបៀង ដោយឲ្យគ្រូទាយមើលអំពីការងាររកស៊ី និងការលក់ផ្ទះនិងដី។ស្រាប់តែពេលទៅជួបជនសង្ស័យ ក៏គ្រូទាយបោករូបនេះបានប្រាប់ថា មិនបាច់លក់ផ្ទះទេ ពីព្រោះផ្ទះនោះមានកំណប់ ។
ប្រភពបន្តថាលុះមកនៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៦ឪពុករបស់ជនរងគ្រោះឈ្មោះកែវចនអាយុ៧០ឆ្នាំក៏បាន ជីករកកំណប់ខាងក្រោយផ្ទះដោយគ្រូទាយតំរូវឲ្យដាក់លុយតម្កល់ចំនួន ៧,០០០ដុល្លារ ដោយតាមអាយុឪពុក។ប៉ុន្តែជនរងគ្រោះជីករកពុំឃើញ លុះដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ គ្រូទាយតំរូវឲ្យអ្នកទាំងបីនាក់បូកអាយុទាំងបីនាក់ គឺបន្ថែមលុយចំនួន ៩,០០០ដុល្លារទៀត គ្រូទាយបានឲ្យជនរងគ្រោះ បន្តជីករកកំណប់នៅម៉ោង៨ព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៦។
ពេលជីកគ្រូទាយក៏មកពេលនោះជនគ្រោះក៏បានឃើញរូបចំលាក់ត្រីរ៉ស់ ចំនួនពីរហើយគ្រូទាយបានឲ្យជនរងគ្រោះយករូបចំលាក់ត្រីដាក់ត្រាំទឹក អាស៊ីតប៉ុន្តែពេលកំពុងត្រាំត្រីក្នុងទឹកអាស៊ីតឈ្មោះសនកែវភេទ ប្រុសអាយុ២៤ឆ្នាំមុខរបរបុគ្គលិកធនាគារក៏មកដល់ឃើញបែបនេះយល់ថា ក្រុមគ្រួសារចាញ់បោកគ្រូទាយក៏បានប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ។
ក្រោយការឃាត់ខ្លួនមាន ជនរងគ្រោះជាច្រើននាក់ទៀតមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យប្តឹងស្ត្រីគ្រូទាយរូបនេះ ពីបទឆបោក ដោយសរុបទឹកប្រាក់ជាង៦០ម៉ឺនដុល្លារ ៕