ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ លោក ឌឹម សឿន អ្នកយកព័ត៌មាន ANN កំពុងដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តទៅលើឈ្មោះ សួស វ៉ូរ៉ា និង ប្រពន្ធ ដែលជាថៅកែឈើនៅស្រុកកែវសីមា និងជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ពីបទគំរាមកំហែង និងបរិហាកេរ្តិ៍ ។
គួរំលឹកថា កំលាំងសមត្ថកិច្ចចម្រុះស្រុកកែវសីមា មានទាំងមន្ត្រីរដ្ឋបាលព្រៃឈើផង ចុះឆែកឆេរលំនៅឋានមួយកន្លែងដែលគេស្គាល់ថា មានម្ចាស់ឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង ជាមន្ត្រីប៉ូលិស នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើមួយរូបផងដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទៅលើផ្ទះឈ្មួញឈើ ខាងលើនោះ ដំបូងឡើយ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានក្នុង ខេត្តមណ្ឌលគិរី ដោយអះអាងថា ខ្លួនបានឃើញពីសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើតាមរយៈរថយន្តកាមរី គូតស្វិត និងរថយន្តឡង់គ្រីស័រជាច្រើនគ្រឿង ចូលទៅក្នុងលំនៅឋានខាងលើ ។ ភ្លាមៗនោះអ្នកសារព័ត៌មានយើងបានរាយការណ៍បន្តទៅលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ដើម្បីសុំកិច្ចអន្តរាគមន៍ ។
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានស្នើតាមរយៈទូរសព្ទឲ្យអ្នកសារព័ត៌មាន សូមចាំឃ្លាំមើល និងផ្តិតរូបភាពពីសកម្មភាពនៃបទល្មើសព្រៃឈើនោះឲ្យបានគ្រប់ ជ្រុងជ្រោយ ហើយធ្វើសេចក្ដីរាយការណ៍ជូនលោកឲ្យបានច្បាស់លាស់ លោកនឹងបញ្ជាកម្លាំងឲ្យចុះទៅបង្ក្រាប ។ ប៉ុន្តែជាអកុសលកម្លាំងរដ្ឋបាលព្រៃឈើមិនទាន់មកដល់ផង ស្រាប់តែមានបក្សពួកឈ្មួញឈើប្រមាណ៧នាក់ បានមកព័ទ្ធរថយន្ត និង ចាប់ក្របួចកអាវរបស់អ្នកសារព័ត៌មាន ដោយបានប្រើសំដីខ្លាំងៗថា បើចង់បានលុយម៉េចមិនមកសុំឲ្យស្រួលបួល បែរជាមកថតរូបផ្តេសផ្តាសអ៊ីចឹង ខណៈនោះមនុស្សទាំង៧នាក់ដែលជាបក្សពួករបស់ឈ្មួញឈើខាងលើបានកញ្ឆក់ យកទូរសព្ទពីដៃអ្នកសារព័ត៌មានយកទៅលុបរូបភាពឯកសារផ្សេងៗ និងរូបសកម្មភាពរថយន្ត១គ្រឿងដឹកឈើចូលទៅក្នុងផ្ទះឈ្មួញឈើរូបនោះ ដែលអ្នកសារព័ត៌មានព្យាយាមថតបានពីក្រៅរបងផ្ទះ ចោលគ្មានសល់ និងបានគំរាមមិនឲ្យអ្នកសារព័ត៌មានទៅណាឡើយ អស់រយះពេលប្រហែល១ម៉ោងក្រោយទើបមនុស្សទាំង៧នាក់នោះចូលទៅ ក្នុងផ្ទះវិញ ដើម្បីធ្វើការជំលៀសឡានឈើចេញពីលំនៅឋាន ដើម្បីបំបាត់ភស្តុតាង ។ សួមជំរាបថា ផ្ទះមេឈ្មួញខាងលើនេះកាលពីមួយឆ្នាំមុនធ្លាប់មានដីការឆែកឆេរម្តង រួចមកហើយ ។
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន និងដោយមានបទបញ្ជាពីលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តមណ្ឌលគិរី ក្រុមសមត្ថកិច្ចចម្រុះ រួមនិងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកែវសីមា មានចូលឆែកឆេរក្នុងលំនៅឋានមេឈ្មួញខាងលើ ដោយសម្រេចរកឃើញប្រណីត ទាំងធំ ទាំងតូច សរុបទាំងអស់ចំនួន១១០ដុំ ស្មើនឹងប្រមាណជិត៤ម៉ែត្រគូប ។ បច្ចុប្បន្នឈើទាំងនោះត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកែវ សីមា ដើម្បីចាត់ការតាមនីតិវិធីបន្ត។ ទម្រាំមកដល់គេដឹកឈើចេញចង់អស់ ដែលបញ្ជាក់ថា មេព្រៃយ៉ាប់ហើយ ។
តែទោះយ៉ាងណា ម្ចាស់ផ្ទះមិនត្រូវបានចាប់ខ្លូនឡើយ រីឯអ្នកសារព័ត៌មានមួយរូបដែលបម្រើការនៅអង្គភាពសារព័ត៌មាន ANN ដែលត្រូវបានក្រុមឈ្មួញឈើប្រើអំពើហិង្សាមកលើអះអាងថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃ ច័ន្ទ ៕