ភ្នំពេញ៖ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងនេះ គ្រោងនឹងធ្វើបទបង្ហាញដោយផ្ទាល់ស្ដីពីច្បាប់ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធនានាទៀត ជូនបណ្ដាអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធនានាមួយចំនួនទៀត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក កឹម សន្តិភាព បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលោកអង្គវង្ស វឌ្ឍនាគ្រោងនឹងធ្វើបទបង្ហាញមួយស្ដីពីច្បាប់ព្រហ្មទណ្ឌនៅថ្ងៃទី ១៣ ខែកក្កដា នេះ។
លោកកឹម សន្តិភាព បន្តថា ការសរសេរអត្ថបទព័ត៌មាន មិនមានភាពច្បាស់លាស់ ពាក់ព័ន្ធបញ្ហារឿងរ៉ាវក្ដីនៅក្នុងតុលាការ បណ្ដាលឲ្យមានការប៉ះពាល់កិត្តិយសស្ថាប័នតុលាការទាំងពីរ និងស្ថាប័នពាក់ព័ន្ធនានាទៀត។
គួររំលឹកថា នេះជាលើកទី២ហើយដែលក្រសួងយុត្តិធម៌ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់អ្នកសារព័ត៌មាន។ វគ្គបណ្ដុះបណ្ដាលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌និង ក្លឹបអ្នកកាសែតកម្ពុជា មានគោលដៅផ្ដល់នូវមូលដ្ឋានគ្រឹះមួយចំនួនទាក់ទងនឹងទិដ្ឋភាព ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីពួកគេអាចស្វែងយល់អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ៕