រាជធានីភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញារង លី សុផាណា ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងពិភាក្សាដេញដោលចំពោះមុខរួចមក លោកស្រីថ្លាងផាណែតចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះតាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌក្រោយពីកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកតុលាការតាមនីតិវិធី កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ។
សូមជម្រាបថា ស្ត្រីវ័យចំណាស់ខាងលើមានឈ្មោះសុខ ផល្លី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៣E0 ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តអំពើហិង្សាលើចៅខ្លួនឯង កាលពីថ្ងៃ២២ កក្កដា ឆ្នាំ២០១៦ ហើយត្រូវសមត្ថកិច្ចឃាត់តាមពាក្យបណ្ដឹងឈ្មោះ សេង សុដាវីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកវិទ្យុ។ រីឯក្មេងស្រីរងគ្រោះឈ្មោះសុខ សមុទ្រពិចិត្រកុឆ្ចារា ហៅមូជីង ភេទស្រី អាយុ៩ឆ្នាំ។
យោងតាមបណ្ដឹងរបស់ឈ្មោះ សេង សុដាវីន ភេទស្រី អាយុ២៥ឆ្នាំ បានឱ្យដឹងថា នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១១:៣០នាទី ខ្លួនបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីឈ្មោះវុធបានផ្ដល់ដំណឹងមកតាមវិទ្យុABCថាមានករណីស្ត្រីវ័យចំណាស់ម្នាក់បានវាយធ្វើបាបក្មេងស្រីជាចៅរបស់គាត់ដោយប្រើដំបង មានទីតាំងរោងចក្រ៣ជាន់ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម ខ្លួនបានចាត់អោយក្រុមការងារស្ថានីយ៍វិទ្យុABC និងទំនាក់ទំនងជាមួយ កម្លាំងសមត្ថកិច្ចកងរាជអាវុហត្ថរាជធានីភ្នំពេញ ចុះទៅដល់ផ្ទះកើតហេតុ នឹងបានរំដោះក្មេងស្រី រងគ្រោះដោយអំពើទារុណកម្ម ដ៏ធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្តីពីចម្លើយក្មេងស្រីរងគ្រោះបានឲ្យដឹងដែរថា៖ ចាប់ពីពេលខ្លួនដឹងក្ដីមក ខ្លួនបានរស់នៅក្នុងគ្រួសារលោកយាយឈ្មោះ សុខ ផល្លី មានសមាជិកគ្រួសារចំនួន០៤នាក់។ ជារៀងរាល់ពេលពួកគេតែងតែប្រើខ្លួនឱ្យធ្វើការគ្រប់សព្វបែបយ៉ាងនៅក្នុងផ្ទះ ដាំបាយលាងចាន- បោកខោអាវ- លាងទ្រុងមាន់ ហើយនៅពេលធ្វើការងារសព្វគ្រប់គាត់មិនពេញចិត្ត គាត់បានវាយនឹងខ្សែភ្លើង ឈើជ្រុង ពេញរាងកាយដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម យាយផល្លីបានយកឈើជ្រុងបុកមកវាយពុះពីលើក្បាលបែកគ្រប់កន្លែងសុះពេញក្បាលនិងលើដងខ្លួនត្រូវនៅលើដងខ្លួនគាត់វាយនឹងខ្សែភ្លើងនិងឈើជ្រុងបុកមកលើខ្លួនដាច់ពេញរាងកាយ។ ជាក់ស្តែងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានយាយរបស់ខ្លួនវាយសុះពេញខ្លួននិងក្បាលរបួសធ្ងន់។ ក្រោយមកទៀតនៅពេលខ្លួនហូបាយរួច ខ្លួនក៏បានឃើញពូ-មីង ចូលផ្ទះយាយផល្លី ក៏សូមឲ្យពូមីងជួយយករូបខ្លួនចេញពីផ្ទះយាយតែម្តង។