ភ្នំពេញ៖លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់លោក សម រង្ស៊ី ចំនួន១០លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់សម្តេចហេង សំរិន ចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។
ការសំរេចក្តីនេះត្រូវបាន ធ្វើឡើងបន្ទាប់ពីការបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍លើសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដោយដោយពុំមានវត្តមានចុងបណ្តឹងសម រង្ស៊ី មានតែលោក គី តិច មេធាវីតំណាងសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សំណុំរឿងនេះ ត្រូវបានប្តឹងដោយ លោក គី តិច មេធាវីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក ដោយចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។
សូមជំរាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះវីដេអូ ដោយបានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយកាលនោះថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»៕