ភ្នំពេញ ៖ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា មូលហេតុដែលសម្ដេចតេជោហ៊ុន សែនប្ដឹងលោកសម រង្ស៊ី និងលោកស្រីថាក់ ឡានី គឺជាការបញ្ជាក់ពីចំណាត់ការនៅក្នុងនីតិរដ្ឋដើម្បីការពារកិត្តិយសនិង សេចកក្ដីថ្លៃថ្នូររបស់បុគ្គល មិនមែនដើម្បីទឹកលុយនោះទេ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយរស្មីកម្ពុជា នារសៀលថ្ងៃទី១ ខែសីហា នេះលោកផៃ ស៊ីផាន បាន បញ្ជាក់ថា “...ហ្នឹងគឺចំណាត់ការនៅក្នុងនីតិរដ្ឋ នៃសង្គមលិទ្ធិប្រជាធិបតេយ្យដើម្បីកិច្ចការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល មិនមែនស្ថិតនៅក្នុងទឹកលុយនោះទេ”។
លោកបានបន្ដថា បើទោះបីជាសម្ដេចបានប្ដឹងលើបុគ្គលទាំង២នាក់ខាង ដោយបានទាមទារសំណងជំងឺចិត្តតែ១០០រៀលក្ដីប៉ុន្តែយ៉ាងនោះគឺ ស្ថិតនៅលើចំណាត់ការនៃផ្លូវច្បាប់ទៅតាមទិដ្ឋភាពជាក់ស្ដែងនៃបទល្មើស ពោលគឺ គាត់នឹងត្រូវមានទោសទណ្ឌយ៉ាងណា អាស្រ័យលើការកាត់ក្ដីរបស់ អង្គចៅក្រម។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ សីហានេះ តាមរយៈ លោក គី តិច មេធាវីជំនួសមុខឱ្យដើមបណ្តឹង សម្ដេចតេជោហ៊ុន សែន បានប្តឹងទាមទារសំណងជំងឺចិត្ត ម្នាក់មួយរយរៀល ពីលោកសម រង្ស៊ីប្រធានបក្សសង្គ្រោះជាតិ និងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាស្ត្រីបក្សសម រង្ស៊ី មណ្ឌលខេត្តរតនគីរី ដែលចោទប្រកាន់សម្ដេចថា ជាអ្នកពាក់ព័ន្ធនឹងការបាញ់លោកបណ្ឌិត កែម ឡី។
តាមរយៈ ពាក្យបណ្តឹងពីរផ្សេងគ្នា លោក គី តិច បានសំអាងហេតុថា ករណីលោក សម រង្ស៊ី កាលពីថ្ងៃទី១០ កក្កដា បានសរសេរលើហ្វេសប៊ុកផេករបស់ខ្លួន ចោទរដ្ឋាភិបាលថា“ការបាញ់សម្លាញ់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច”។ លោកមេធាវីរូបនេះបានចាត់ទុកថា ការចោទប្រកាន់របស់មេបក្សប្រឆាំងនេះ មានចរិតញុះញង់បំផុសបំផុល ក្នុងចលនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កអោយមានចលាចលនៅក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការផងដែរ។
ជាមួយគ្នានេះ បណ្តឹងមួយទៀតយោងលើ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី មណ្ឌលខេត្តរតនគីរី ដែលបានថ្លែងទៅកាន់ពលរដ្ឋក្នុងវេទិកានៅខេត្តរតនគីរីកាលពីថ្ងៃទី ២៩ កក្កដា ក្នុងជាវីដេអូឃ្លីបថា “អាឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតម៉េចទៀតទេ នៅមិននៅ ចុះឡើងចុះឡើង ទៅបាញ់លោក កែម ឡី អ្នកវិភាគនយោបាយ ឃើញទេ”។
លោកមេធាវី គី តិច បានសុំឱ្យតុលាការផ្តន្ទាទោសលោកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ ដែលបានធ្វើអោយប៉ះពាល់ដល់ កិត្តិយស និងកិត្យានុភាពរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា។ប៉ុន្តែយ៉ាងណា អ្នកស្រី ថាក់ ឡានី បានបដិសេធនៅថ្ងៃទី៣០ កក្កដា ដោយអះអាងថា មានមនុស្សជាង៧០នាក់ ដែលចូលរួមវេទិកាជាមួយអ្នកស្រីនៅខេត្តរតនគិរីជាសាក្សី។អ្នកស្រីថា មិនបាននិយាយថាលោកនាយករដ្ឋមន្ត្រីជាអ្នកសម្លាប់លោក កែម ឡី ទេ គឺនិយាយថា មានអ្នកដទៃមកសម្លាប់។
អ្នកស្រីបញ្ជាក់ថា វីដេអូឃ្លីបដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយនោះ គឺជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រី៕