ភ្នំពញ ៖ លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះដើម្បីឆ្លើយបំភ្លឺទៅលើបណ្តឹងប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី ថាក់ ឡានីព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថាបាញ់ សម្លាប់លោកកែម ឡីនិងចោទប្រកាន់រាជរដ្ឋាភិបាលជាអ្នករៀបចំ។
ការចូលបំភ្លឺនេះ គឺបន្ទាប់ពីលោកមេធាវី គី តិច បានដាក់ពាក្យបណ្តឹងចំនួនពីរទៅតុលាការកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០១៦គឺទី១.ប្តឹងលោកស្រី ថាក់ ឡានី និងទី២.ប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោកមេធាវី គិត បានមានប្រសាសន៍ប្រាប់ កាលពីរសៀលថ្ងៃទី៤ ខែសីហាថា នៅការចូលតុលាការនៅថ្ងៃទី៥ សីហា នេះនឹងត្រៀមដាក់ភស្តុតាង និងឯកសារបន្ថែម។
សូមជម្រាបថា មេធាវីតំណាងឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹងប្តឹងលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ទៅតុលាការកាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។ ការប្តឹងនេះ គឺបន្ទាប់ពីលោកសម រង្ស៊ី បានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលថា ជាអ្នករៀបចំផែនការបាញ់សម្លាប់លោកកែម ឡី និងលោកស្រី ថាក់ ឡានី បានចោទសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់លោកកែម ឡី។
លោកមេធាវី គី តិច បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងចំនួនពីរ គឺទី១.ប្តឹងលោកថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី និងទី២.ប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ ចំពោះការប្តឹងលោកស្រី ថាក់ ឡានីគឺដោយសារគាត់បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណៈមួយនៅខេត្តរតនគីរី ថា ការបាញ់សម្លាប់លោកកែម ឡី គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនជាអ្នកបាញ់សម្លាប់លោកកែម ឡី។ ចំពោះបណ្តឹងប្តឹងលោកសម រង្ស៊ី គឺដោយសារគាត់បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់គាត់ថា ការស្លាប់របស់លោកកែម ឡី គឺជាអំពើភេរវវកម្មមួយដែលរៀបចំដោយរដ្ឋអំណាច។ ហើយចំពោះបទចោទ គឺលោកមិនបានដាក់បទចោទទេគឺជាសិទ្ធិនិងសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា នៅពេលដែលគាត់ពិនិត្យឃើញថា បទល្មើសនោះផ្ទុយពីមាត្រាណាច្បាប់ណា នឹងគាត់នឹងធ្វើការចោទប្រកាន់។
លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានឲ្យលោកទាមទារសំណងតែ១០០រៀលទេ ក្នុងបណ្តឹងមួយទាមទារតែ ១០០រៀលចំពោះជំងឺចិត្តគឺទាមទារ ១០០រៀល ដូចគ្នា។ សំខាន់សម្តេចបានមានប្រសាសន៍ថា ចង់បានភាពស្អាតស្អំ និងចង់ បានកិត្តិយសដែលលោកស្រី ថាក់ ឡានី និងលោកសម រង្ស៊ី បានបំផ្លើសការពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្តេច ក៏ដូចជាកិត្តិយសរបស់រាជរដ្ឋាភិបាលហើយសម្តេចសូមឲ្យអនុវត្តតាមច្បាប់។
មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចំពោះពាក្យបណ្តឹងចំនួនពីរ ដែលបានប្តឹងចូលតុលាការ គឺជាសំណុំរឿងផ្សេងគ្នា។ ហើយការដាក់ពាក្យបណ្តឹងមិនមែនសម្តេចតេជោ សំដៅទៅលើទឹកប្រាក់ទេគឺទាមទារឲ្យមានការអនុវត្តច្បាប់ទៅលើបុគ្គលដែលចេះតែនិយាយបំផ្លើសបំភ្លៃការពិតទៅលើអ្នកដទៃដែលមានភាពស្អាតស្អំ ហើយសំខាន់សម្តេចចង់ឱ្យមានការអនុវត្តន៍ច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តបទល្មើស និងសម្តេចប្តឹង ដើម្បីឱ្យមហាជន ប្រជាពលរដ្ឋដឹងថា អំពើនេះ មិនមែនដូចជាលោកស្រី ថាក់ ឡានី និងលោកសម រង្ស៊ី លើកឡើងទេ ហើយការប្តឹងនេះ គឺដើម្បីរកយុត្តិធម៌៕