ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែសីហា នេះ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ីមិនបានចូលខ្លួនឆ្លើយបំភ្លឺរឿងចោទប្រកាន់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន សម្លាប់លោកកែម ឡី តាមការកោះហៅរបស់លោកលី សុផាណាព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញនោះទេ ដោយដោយលោកស្រីស្នើមេធាវីដាក់លិខិតសុំពន្យារពេលចូលបំភ្លឺ។ នេះបើតាមការបញ្ជាក់ពីលោក សំ សុគង់មេធាវីតំណាងលោកស្រី ថាក់ ឡានី។
លោកសំ សុគង់ ឱ្យដឹងថា លោកបានដាក់លិខិតស្នើសុំពន្យារពេលចូលបំភ្លឺរួចហើយ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ខែសីហា ឆ្នាំ២០១៦សម្តេចតេជោ ហ៊ុន សែន តំណាងដោយលោកមេធាវីគី តិច បានដាក់ពាក្យបណ្តឹងប្តឹងលោកស្រី ថាក់ ឡានី ទៅតុលាការពាក់ព័ន្ធការនិយាយចោទប្រកាន់ថាជាអ្នកសម្តេចសម្លាប់លោកកែម ឡី។
សំណុំរឿងនៃបណ្តឹងដូចគ្នានេះ ក្រៅតែពីលោកស្រី ថាក់ ឡានី សម្តេចតេជោ ហ៊ុន សែនក៏បានប្តឹងលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែរ ដោយសារលោកសម រង្ស៊ី បានចោទដដែលជាដដែលថា សម្ដេចតេជោហ៊ុន សែន និងរដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកកែម ឡី។ លោកសម រង្ស៊ីក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៩ សីហា ខាងមុខនេះដែរ តែមិនដឹង ថា លោកសម រង្ស៊ី ចូលតាមដីកាកោះនេះដែរឬយ៉ាងណានោះទេ៕