ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាស្ថាប័នគ្រប់គ្រងវិទ្យុVOD ឱ្យចូលបំភ្លឺ ទាក់ទងនឹងសំណុំរឿងដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់។
ក្នុងដីកាដែលបានចុះកាលពីថ្ងៃទី៣ខែសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោកធាម ច័ន្ធពិសិដ្ឋ បានបង្គាប់ឱ្យលោកប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី នៅម៉ោង៩ព្រឹកថ្ងៃទី១៨ ខែសីហា ខាងមុខនេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានបញ្ជាក់ប្រាប់វិទ្យុVODថា ដីកាកោះហៅលោកប៉ា ងួនទៀង នោះគឺ ពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ថាសូកប៉ាន់សាក្សី។
លោកថាដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថា សាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនោះ។ លោកបញ្ជាក់ថា “...គេកោះហៅសាក្សីនេះនីតិវិធីរបស់គេទេ ជាសិទ្ធិនិងអំណាចរបស់ចៅក្រមស៊ើបសួរ បើគេយល់ឃើញថាវាមានប្រយោជន៍ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរបស់ការស៊ើបសួររបស់គេ"។
ចំណែកលោក ប៉ា ងួនទៀង ក៏បានប្រាប់វិទ្យុដដែលថា លោកនឹងចូលបំភ្លឺតាមដីកានេះ ដោយថា មិនការព្រួយបារម្ភនោះទេ ដោយសារមិនជាប់ពាក់ព័ន្ធនឹងរឿងនេះ។លោកបាននិយាយដូច្នេះថា ៖ “...ខ្ញុំដូចគ្មានអីត្រូវព្រួយបារម្ភ ខ្ញុំមើលទៅ ខ្ញុំអត់មានការពាក់ព័ន្ធអី ខ្ញុំនឹងទៅតាមពេលវេលាដែលមានកំណត់នៅក្នុងដីកាហ្នឹង...“៕