ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានីឲ្យទៅបំភ្លឺជាលើកទី២ នៅរសៀលថ្ងៃទី១៧សីហា ជុំវិញពាក្យបណ្ដឹងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មេធាវីការពារក្ដីឲ្យអ្នកស្រីថាក់ ឡានី គឺលោក សំ សុគង់ បានបញ្ជាក់ប្រាប់វិទ្យុក្រៅស្រុកមួយថ្ងៃទី១០សីហា ថាលោកបានទទួលដីកាកោះពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា កាលពីថ្ងៃទី៩ សីហា ដើម្បីឲ្យកូនក្ដីរបស់លោកទៅបំភ្លឺជាលើកទីពីរ។
លោកមេធាវី សំ សុគង់ បន្តថាលោកនឹងទៅបំភ្លឺតាមដីកាកោះហៅនេះ។ ដោយឡែកវត្តមានកូនក្ដីរបស់លោក គឺអ្នកស្រី ថាក់ ឡានីលោកនៅមិនទាន់ច្បាស់ថា នឹងចូលទៅបំភ្លឺតាមដីកានេះ ឬយ៉ាងណាទេ ដោយលោកមិនទាន់ពិគ្រោះគ្នាជាមួយកូនក្ដីលោកឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨សីហា ទាំងអ្នកមេធាវី សំ សុគង់ និងអ្នកស្រី ថាក់ ឡានី មិនបានទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការនោះទេ ទាក់ទងនឹងបណ្ដឹងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន ជុំវិញការចោទប្រកាន់សម្ដេចតេជោ ថាជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិត កែម ឡី៕