ខេត្តសៀមរាប ៖ តំណាងអយ្យការនៃសំណុំរឿងក្តីនោះគឺលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង បានមានប្រសាសន៍ នៅថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០១៦នេះថា កាលពីល្ងាចថ្ងៃទី៩ ខែសីហា កន្លងទៅ លោកបានចោទប្រកាន់ ទៅលើមន្ត្រីសក្តិ៤ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ធំម្នាក់ឈ្មោះ សេង ប៊ុនតេង អាយុ៣៦ឆ្នាំ ពីបទរារាំង ដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលព្រៃឈើការតាមមាត្រា១០០(ស្តីពីច្បាប់ព្រៃឈើ) និងចោទប្រកាន់ពីបទផ្សំគំនិត ក្នុងអំពើដឹកជញ្ជូន ព្រមទាំងប្រមូលផលអនុផលព្រៃឈើខុសច្បាប់ តាមមាត្រា៩៨ កថាខណ្ឌ២ ចំណុច៥ស្តីពីច្បាប់ព្រៃឈើ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ ដែលសមត្ថកិច្ចកំពុងតាមចាប់រថយន្តដឹកឈើគ្រញូងខុសច្បាប់១គ្រឿងផងដែរ។
តំណាងអយ្យការ បានចោទប្រកាន់ បញ្ជូនទៅដល់ដៃ ចៅក្រមស៊ើបសួរ រួចហើយចៅក្រមស៊ើបសួរបានឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ បុរសឈ្មោះ សេង ប៊ុនតេង ត្រូវបានគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ មានឋានន្តរសក្តិជាវរៈសេនីយត្រី និងមានតួនាទីជាជំនួយការ របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ទោះជាយ៉ាងណា ចៅក្រមស៊ើបសួរ នៃសំណុំរឿងក្តីនេះគឺ លោក សំ ប៊ុនពៅ មិនបានអធិប្បាយជុំវិញ ការសម្រេចឃុំខ្លួន មន្ត្រីកងរាជអាវុធហត្ថម្នាក់នោះ យ៉ាងណាឡើយនោះបានទេ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ (បើចង់ច្បាស់ សូមមកតុលាការ គឺខ្ញុំមិនអាចបកស្រាយតាមទូរស័ព្ទបានទេ)។
មន្ត្រីកងរាជអាវុធហត្ថ(ស័ក្ក៤)ខេត្តកំពង់ធំម្នាក់ ឈ្មោះ សេង ប៊ុនតេង មុខងារ វរសេនីយ៍ត្រីមានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដែលតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួននោះ គឺបន្ទាប់ពីផ្នែករដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈើជាច្រើនកន្លែងទៀត រួមគ្នាបើករថយន្តប្រដេញ និងចាប់ខ្លួនបាននៅលើដងផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដែល ស្ថិតនៅចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពពីកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ថា លោកវរសេនីយ៍ត្រី សេង ប៊ុនតេង ជាជំនួយការផ្ទាល់ឱ្យលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានរកស៊ីដឹកជញ្ជូនឈើ និងកាងបទល្មើសជាយូរឆ្នាំមកហើយ ប៉ុន្តែករណីនេះ វាជារឿងបុគ្គល មិនពាក់ព័ន្ធ និងអង្គភាពទេ។ ប្រភពបានបន្តថា បន្ទាប់ពីពួកគេបានឃើញនៅតាមហ្វេសបុក ទើបពួកគេបានសម្តែងការត្រេកអរ ព្រោះជនម្នាក់នេះ ធ្លាប់តែចាប់គេ តែពេលនេះ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាប់បញ្ជូនទៅតុលាការដាក់គុកទៅវិញ។
លោក ម៉ុង ប៊ុនលីម នាយកផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០១៦នេះថា មន្ត្រីរបស់លោក បានឃើញរថយន្តកាមរី ស៊េរីឆ្នាំ១៩៩៥ មួយគ្រឿងដែលសង្ស័យថា ជាឡានដឹកឈើគ្រញូង ខុសច្បាប់ ចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្លងកាត់តាមស្រុកបន្ទាយស្រី ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ ឃើញដូច្នេះ មន្ត្រីរដ្ឋបាលព្រៃឈើ ក៏បើករថយន្តដេញតាម ភ្លាមៗនោះ ខណៈដែលមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបើករថយន្តឡិចស៊ីស470 ក៏បានចេញមកពាំងមុខរថយន្តមេព្រៃ មិនឱ្យដេញតាមរថយន្តកាមរីនោះបានទេ។
ពេលនោះផ្នែករដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រីក៏បានទូរស័ព្ទហៅឱ្យសង្កាត់រដ្ឋបាលព្រៃឈើ នៅផ្លូវខាងមុខស្ទាក់រថយន្តកាមរី ដឹកឈើនោះទៀត ក៏ប៉ុន្តែមានរថយន្តកាមរីឆ្លាមផ្សេងទៀត ឡើងមកបិទផ្លូវ មេព្រៃដដែល។ លោក ម៉ុង ប៊ុនលីម ក៏បានបញ្ជាក់ទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ បានបោះបង់ចោលការប្រដេញចាប់រថយន្តដឹកឈើ ១គ្រឿងនោះ ហើយក៏ចាប់ផ្ដើមប្រដេញចាប់រថយន្ត មន្ត្រីកងរាជអាវុធហត្ថ ដែលរាំងពីមុខផ្លូវនោះវិញ។ គួរបញ្ជាក់ផងដែរថា ការដេញប្រមាញ់របស់បាលព្រៃឈើនោះ តាំងពីវង់មូលស្រុកបន្ទាយស្រី មកដល់ផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបចាប់បាន រួចបញ្ជូនមកកាន់តុលាការទាំងព្រឹកភ្លាមៗផងដែរ៕