ព្រឹកនេះ តុលាការបន្តការសាកសួរបន្ថែមលើ លោក ជួប សម្លាប់ ជនដៃដល់បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី

12-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ លោក ជួប សម្លាប់ ដែលសមត្ថកិច្ចអះអាងថា ជាជនដៃដល់ក្នុងការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នោះ ត្រូវបានមន្រ្តីពន្ធនាគារព្រៃស បញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសាកសួរបន្ថែម។ ការសាកសួរបន្ថែមនេះ ធ្វើឡើងដោយចៅក្រមស៊ើបសួរ សេង លាង។

ជនដៃដល់ដែលដាក់រហស្សនាមខ្លួនឯងថា ជួប សម្លាប់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដោយចោទប្រកាន់ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិតក្នុងនោះទី១ ពីបទឃាតកម្មគិតទុកជាមុន និងទី២ ជាបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត ។

ជនដៃដល់ខាងលើដែលសមត្ថកិច្ចដេញចាប់ខ្លួនបាន នៅវិថីព្រះសុធារស ក្បែរវត្តស្វាយអំពែរក្រោយកើតហេតុភ្លាមៗ។ ជននេះបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករខ្មែរនៅប្រទេសថៃ ហើយថាការបាញ់សម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់មិនសង។ ប៉ុន្តែសមត្ថកិច្ចហាក់ពុំទាន់ជឿថាជននោះ មានឈ្មោះពិតប្រាកដ ថា «ជួប សម្លាប់» ទេ។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយ ទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង៕

 

ចំនួនអ្នកទស្សនា

    19560197

  • ថ្ងៃនេះ3371
  • ម្សិលមិញ4111
  • សប្តាហ៍នេះ3371
  • ខែនេះ77811
  • ឆ្នាំនេះ332751
  • សរុប19560197