មណ្ឌលគិរី៖លោកសាតចាន់បុត្របានរាយការណ៍ថារឿងរ៉ាវបង្កឲ្យភា្ញក់ផ្អើលរំខានសមត្ថកិច្ចចុះស្រាវជ្រាវអស់ជាច្រើនថ្ងៃនិងបានចាប់បុរសជាឪពុកដែលមានតួរនាទីជាមេភូមិដាក់ឃុំប៉ុន្មានថ្ងៃរួចមកត្រូវបានសមត្ថកិច្ចបានដោះលែងវិញព្រោះនារីជាកូនបានប្រឌិតរឿងដោយសារខឹងនឹងឪពុករបស់ខ្លួន។តាមផ្លូវច្បាប់បុគ្គលប្រឌិតរឿងធ្វើឲ្យប៉ះពាល់កិតិ្តយសដល់អ្នកដ៍ទៃនិងភូតកុហកសមត្ថកិច្ចត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។ប៉ុន្តែករណីរវាងឪពុកនឹងកូនសម្ថកិច្ចមិនបានអនុវត្តន៍តាមផ្លូវច្បាប់ទេដោយឪពុកអត់មានដាក់បណ្តឹងនិងសុំការលើកលែងសន្តោសប្រណីដល់កូនស្រីកំហូចនោះ។
សមត្ថកិច្ចបានឲ្យដឹងថាលោកមេភូមិរវ៉ាក់មានឈ្មោះទុតព្រុតភេទប្រុសអាយុ៥៦ឆ្នាំជនជាតិព្នងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីជាប់ចោទថាបានរំលោភកូនស្រីខ្លួនឯងឈ្មោះព្រុតរង្វាន់ភេទស្រីអាយុ២២ឆ្នាំកាលពីថ្ងៃទី១៣សីហានោះឥឡូវត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញហើយក្រោយមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវយ៉ាងដិតដល់អស់រយៈពេល៣ថ្ងៃទើបស្វែងរកការពិតឃើញថាគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់កូនស្រីនោះទេ។
លោកសូសុវណ្ណស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ថាជនសង្ស័យដែលត្រូវបានកូនស្រីបង្កើតដាក់ពាក្យប្តឹងថាបានចាប់រំលោភនាងដោយគ្មានអាសូរកាលពីបីថ្ងៃមុនត្រូវបានលោកស្នើរសុំយោល់ពីព្រះរាជអាជ្ញារដើម្បីដោះលែងឲ្យគាត់មានសេរីភាពវិញហើយ។លោកបន្តថានៅពេលដែលកម្លាំងជំនាញសាកសួរទៅបុរសជាឪពុកជាមេភូមិគាត់តែងបដិសេដមិនទទួលកំហុស។ដោយមើលទៅឃើញថាករណីនេះហាក់មានភាពមិនច្បាស់លាស់កម្លាំងជំនាញបាននាំយកនាងជាកូនស្រីដែលចោទឪពុកថាបានចាប់រំលោភទៅមន្ទីរពេទ្យបង្អែកដើម្បីឲ្យគ្រូពេទ្យជំនាញធ្វើការត្រួតពិនិត្យ។
លោកស្នងការរងបានបន្តថាតែគ្រូពេទ្យមិនបានរកឃើញថានាងត្រូវបានបំពាបំពានលើផ្លូវភេទឡើយ។ក្រោយពីមានការបញ្ជាក់ពីគ្រូពេទ្យសមត្ថកិច្ចក៍បានធ្វើការសាកសួរនារីនោះបន្ថែមទៀតនាងក៍បានឆ្លើយសារភាពថាឪពុកមិនបានរំលោភនាងទេហើយរឿងចោទថាឪពុកបានរំលោភនាងគឺកន្លងមកឪពុកតែងស្តីបន្ទោសនាងញឹកញាប់ទើបធ្វើឲ្យនាងខឹងឪពុកនឹងប្រឌិតរឿងចាប់រំលោភដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួនឪពុកដែលគ្មានកំហុស។
សូមរំឮកថាមេភូមិរវ៉ាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកកោះញែកដោយសង្ស័យថាបានរំលោភលើនារីពិការជើងម្នាក់កាលពីថ្ងៃទី១៣សីហា២០១៦នៅភូមិរវ៉ាក់ឃុំរយ៉ហើយត្រូវឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤។ជនសង្ស័យត្រូវបានមន្ត្រីជំនាញបញ្ជូនទៅសាកសួរបន្ថែម នៅស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៥ ក្រោយឃាត់ខ្លួនបានមួយយប់នៅមូលដ្ឋានកើតហេតុ ខណៈជននោះមិនបានផ្តល់ចម្លើយដល់សមត្ថកិច្ច៕