ភ្នំពេញ៖អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ីដែលត្រូវតុលាការកោះអោយចូលខ្លួនជាលើកទី២នៅថ្ងៃនេះពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជុំវិញបណ្តឹងរឿងចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡីនោះ មិនបានចូលខ្លួនតាមការកោះហៅទេ។
លោក លី សុផាណា បានប្រាប់សារព័ត៌មានក្នុងស្រុកដូច្នេះថា "ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានីមិនបានចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំំពេញ។ យើងសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះទៀតដោយពិនិត្យលើពាក្យបណ្តឹង ភស្តុតាងនិងសាក្សីដែលមានប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ»។
លោក សំ សុគង់ មេធាវីការពារក្តីរបស់លោកស្រីថាក់ ឡានីបានឱ្យដឹង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ថា "ដោយសារតែគាត់ជាសមាជិកព្រឹទ្ធសភាហ្នឹងហើយ ទើបបានជាគាត់មានបំណងមិនចង់ចូល គាត់ចាំឱ្យតុលាការអនុវត្តតាមនីតិវិធី តាមមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។ដើម្បីដំណើរការនីតិវិធីចំពោះបទល្មើសមិនជាក់ស្តែងអញ្ចឹង លុះត្រាតែមានការព្យួរ ឬលើកអភ័យឯកសិទ្ធិគាត់ជាមុនសិន ចាំឱ្យតុលាការកោះហៅ ឬធ្វើអ្វីតាមនីតិវិធីច្បាប់"៕