ប្រធាន គ.ជ.ប៖ ករណីលោក នី ចរិយា គឺជាការប្រព្រឹត្តខុសច្បាប់ដោយខ្លួនឯង, ចំណាត់ការនេះគ្មានសម្ពាធ

19-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ករណីនៃការចាប់ខ្លួន លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប គឺពាក់ព័ន្ធនឹងការប្រព្រឹត្តខុសច្បាប់របស់សាមីខ្លួន ផ្ទុយនឹងច្បាប់ គ.ជ.ប ហើយថាចំណាត់ការ នេះមិនមានសម្ពាធពីខាងណានោះទេ។

ការអះអាងរបស់ លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃការចុះឈ្មោះបោះឆ្នោតតាម  ប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ និងកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុប និងជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ អ៊ឹមភើរៀល។

សូមបញ្ជាក់ថា លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប រួមទាំងមន្ត្រីសមាគមអាដហុក៤រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីចុងខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានតម្រុយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។

មន្រ្តីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលា ដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ខណៈដែល អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តី អាដហុកនោះ ត្រូវបានតុលាការចោទពីបទសមគំនិតសូកប៉ាន់សាក្សី៕

 

ចំនួនអ្នកទស្សនា

    19590057

  • ថ្ងៃនេះ1501
  • ម្សិលមិញ4771
  • សប្តាហ៍នេះ6281
  • ខែនេះ26351
  • ឆ្នាំនេះ362611
  • សរុប19590057