ភ្នំពេញ៖អតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងបច្ចុប្បន្នបម្រើការងារនៅក្រសួងមហាផ្ទៃលោក អ៊ឹមភ័ណ សុផល ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ខែសីហាបន្ទាប់ពីចូលខ្លួនបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញករណីចេញសែកអត់សាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ។
បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកអ៊ឹមភ័ណ្ឌ សុផល ដែលមានងារជាឧកញ៉ាទៀតនោះត្រូវបានជនរងគ្រោះឈ្មោះលី ហាក់ ភេទប្រុសអាយុ៤៧ឆ្នាំរស់នៅផ្ទះលេខ១៧៣ផ្លូវលេខ១៣០សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញរាជធានីភ្នំពេញប្តឹងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននិងរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៦លើទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ។
នៅក្នុងពាក្យបណ្តឹងលោកលី ហាក់បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥លោក អ៊ឹមភ័ណ្ឌ សុផលដែលជាអ្នករាប់អានជាមួយគាត់ដ៏ស្និទ្ធស្នាលបំផុតបានមកលួងលោមខ្ចីប្រាក់ចំនួន៣០ម៉ឺនដុល្លារដែលអះអាងថាត្រូវការចាំបាច់ជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានិងទិញរថយន្តចំនួន១០គ្រឿង។
លោកលីហាក់បន្តថាឧកញ៉ាអ៊ឹមភ័ណ្ឌ សុផលបានប្រាប់គាត់ថាប្រាក់តម្រូវការនេះមានចំនួនច្រើនដូច្នេះសុំខ្ចីចំនួន៣០ម៉ឺនដុល្លារនេះនិងកំណត់សងវិញនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៦។លុះដល់ថ្ងៃកំណត់ដូចខាងលើឧកញ៉ាអ៊ឹមភ័ណ្ឌ សុផល បានប្រាប់គាត់ថាមានប្រាក់ត្រឹមតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះហើយនៅសល់ប៉ុន្មានសុំ១សប្តាហ៍ទៀតនឹងសងបង្គ្រប់ចំនួន៨២.៥៥៤ដុល្លារទៀត។ពេលនោះគាត់ក៏បានប្រគល់សែកមួយសន្លឹកលេខ៤២៣៦០៨ចុះថ្ងៃទី២២ខែមេសាឆ្នាំ២០១៦របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចុះនិទ្ទេសទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ។
លោកលីហាក់បញ្ជាក់ក្នុងបណ្តឹងថានៅថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦គាត់ក៏បានយកសែកមួយសន្លឹកនេះទៅបើកនៅធនាគារខាងលើប៉ុន្តែបុគ្គលិកធនាគារបញ្ជាក់ថាសែកនេះមិនមានសាច់ប្រាក់ទើបនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៦គាត់ក៏បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននិងរំលោភលើទំនុកចិត្ត។
បណ្តឹងនេះនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ទើបធ្លាក់ដល់ដៃតំណាងអយ្យការហើយតុលាការបានកោះហៅគាត់លើកទី១មិនព្រមចូលខ្លួនទើបលើកទី២ត្រូវបានខាងអយ្យការឃាត់ខ្លួនបណ្តោះអាសន្នផ្ញើនៅអាវុធហត្ថរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ដើម្បីបន្តនីតិវិធី៕