មណ្ឌលគិរី៖តំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៧ខៃសីហាឆ្នាំ២០១៦កន្លងទៅនេះបានចេញដីកាកោះហៅអ្នកភូមិជនជាតិព្នងចំនួន៦នាក់ឱ្យចូលទៅបំភ្លឺសំណុំរឿងទាក់ទងបណ្តឹងប្តឹងឈ្មួញទិញដីព្រៃសហគមន៍។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងអ្នកស្រីសេងណុកបានបញ្ជាក់ថាអ្នកភូមិមិនសូវសង្ឃឹមទៅលើចំណាត់ការរបស់តុលាការខេត្តមណ្ឌលគិរីនោះទេបន្ទាប់ពីបានចូលខ្លួនទៅឆ្លើយបំភ្លឺក្នុងសំនុំរឿងប្តឹងអ្នកមានលុយម្នាក់នោះមក។អ្នកស្រីនិងអ្នកភូមិផ្សេងទៀតរំពឹងថាតុលាការខេត្ត នឹងកាត់សេចក្តីរឿងក្តី មួយនេះជាមួយឈ្មួញទន្ទ្រានឈួសព្រៃយកដីសហគមន៍មានភាពយុត្តិធម៌។
អ្នកស្រីបានអះអាងថា ឈ្មួញទិញដីគេមានលុយហើយអ្នកភូមិមានតែខ្លួនទទេ។អ្នកភូមិគ្រាន់តែប្តឹងទាមទារសំណងឱ្យអ្នកដែលឈួសព្រៃសហគមន៍ដាំកូនឈើឡើងវិញតែប៉ុណ្ណោះ។អ្នកស្រីសេងណុកបានអះអាងថាកន្លងមកមេប៉ុស្តិ៍ឃុំស្រែអំពូមឈ្មោះរ៉ាបូរិទ្ធបានគំរាមដោយប្រើពាក្យទុកពីរគ្រាប់ដើម្បីបាញ់គាត់។អ្នកស្រីគិតថាលោកមេប៉ុស្តិ៍គំរាមបាញ់សម្លាប់រូបគាត់ពាក់ព័ន្ធបណ្តឹងទំនាស់ដីធ្លីជាមួយឈ្មោះឡេងគឹមឈាង។អ្នកស្រីមានអារម្មណ៍ភ័យខ្លាចរាល់ថ្ងៃក្រោយពីមេប៉ុស្តិ៍ បានទៅគំរាមដល់មណ្ឌលសុខភាពពេលគាត់សម្រាលកូនឱ្យសាច់ញាត្តិនៅទីនោះពេលយប់។ ហើយគាត់ ក៏ជាអ្នកបម្រើការងារនៅមណ្ឌលសុខភាពទីនោះផងដែរ។
គួររំលឹកថាកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១៦ពលរដ្ឋជនជាតិដើមភាគតិចព្នងចំនួន១៥០គ្រួសាររស់នៅភូមិពូរ៉ាដែតឃុំស្រែអំពូមស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានប្តឹងឈ្មួញទិញដីព្រៃសហគមន៍និងមេប៉ុស្តិ៍ឃុំស្រែអំពូមទៅតុលាការនិងអាជ្ញាធរខេត្តពាក់ព័ន្ធករណីឈួសឆាយដីព្រៃសហគមន៍ដោយខុសច្បាប់។
ទាក់ទងករណីនេះសហគមន៍ភូមិពូរ៉ាដែតឃុំស្រែអំពូមបានប្តឹងឈ្មោះឡេងគឹមឈាងជាឈ្មួញទិញដីធ្លីដ៏ធំនៅតំបន់នោះថាបានឈួសឆាយព្រៃរបស់សហគមន៍ភូមិពូរ៉ាដែតដោយប្រើគ្រឿងចក្រគ្មានការអនុញ្ញាតពីសហគមន៍អស់ជាង២៥ហិកតា។
ចំណែកឈ្មោះរ៉ាបូរិទ្ធហៅដួលនាយប៉ុស្តិ៍នគរបាលឃុំស្រែអំពូមគឺជាអ្នកស៊ុមគ្រលំជាមួយឈ្មួញទិញដីព្រៃសហគមន៍បានអនុញ្ញាតឱ្យឈ្មោះឡេងគឹមឈាងឈ្មួញទិញដីនាំគ្រឿងចក្រទៅទន្ទ្រានព្រៃឈួសយកដីមានទំនាស់នោះ។
លោករ៉ាបូរិទ្ធមេប៉ុស្តិ៍ស្រែអំពូមទទួលស្គាល់ថាខ្លួនពិតជាបានអនុញ្ញាតឱ្យអ្នកទិញដីឈ្មោះឡេងគឹមឈាងយកគ្រឿងចក្រទៅឈួសព្រៃនោះពិតមែន។ព្រោះថាឈ្មោះឡេងគឹមឈាងបាននិយាយថាមានឯកសារស្របច្បាប់អស់ហើយសុំយកគ្រឿងចក្រទៅឈួសព្រៃនោះមិនអីទេ។សហគមន៍បានប្រាប់ថាឈ្មោះឡេងគឹមឈាងគឺជាអ្នកមានលុយដើរទិញដីស្រែចម្ការប្រជាពលរដ្ឋក្នុងភូមិពូរ៉ាដែតរាប់សិបហិកតា។ហើយអាជ្ញាធរនៅទីនោះមិនហ៊ានដោះស្រាយទេពេលមានទំនាស់រឿងដីធ្លីគឺទាល់តែថ្នាក់ខេត្តនិងតុលាការជាមួយឈ្មោះឡេងគឹមឈាង។
ឈ្មោះឡេងគឹមឈាងបានអះអាងថាខ្លួនបានទិញពីម្ចាស់ដីមានបីគ្រួសារមានលិខិតទិញលក់ដីត្រឹមត្រូវគ្រាន់តែមិនទាន់ប្រគល់លុយឱ្យគ្រប់ចំនួនឱ្យទៅម្ចាស់ដីតែប៉ុណ្ណោះ។សមាគមអាដហុកខេត្តមណ្ឌលគិរីរកឃើញថាម្ចាស់ដីបីគ្រួសារដែលបានលក់ដីឱ្យទៅឈ្មោះឡេងគឹមឈាងគឺជាជនចំណាកស្រុកមិនមែនជនជាតិដើមភាគតិចរស់នៅឃុំស្រែអំពូមនោះឡើយ។
លោកសុករដ្ឋាអ្នកស្របសម្រួលសមាគមអាដហុកខេត្តយល់ឃើញថារវាងអ្នកលក់ហើយនិងអ្នកទិញដីហាក់បីដូចជាមានភាពមិនត្រឹមត្រូវច្រើន។លោកចង់ឱ្យតុលាការស៊ើបអង្កេតរឿងនេះដើម្បីដោះស្រាយភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។ដីព្រៃឈើភូមិពូរ៉ាដែតឃុំស្រែអំពូមស្រុកពេជ្រាដាខេត្តមណ្ឌលគិរីមានទំហំផ្ទៃដី១.៣២៣ហិកតាបានចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន,ជំនាញរដ្ឋបាលព្រៃឈើ,ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ,ក្រសួងអភិវឌ្ឍន៍ជនបទទុកជាព្រៃការពារសហគមន៍តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
ព្រៃនៅតំបន់នោះគឺជាព្រៃមានដើមឈើធំៗ សត្វព្រៃគ្រប់ប្រភេទផ្តល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ។ក៏ប៉ុន្តែកាលពីឆ្នាំ២០១២ក្រុមនិស្សិតនិងជំនាញដីធ្លីសុរិយោដីបានចុះទៅវាស់ដីជូនប្រជាពលរដ្ឋព្រៃសហគមន៍តាមគោលនយោបាយស្បែកខ្លារបស់រាជរដ្ឋាភិបាល។សហគមន៍បានសន្និដ្ឋានថាសហគមន៍ព្រៃឈើរបស់ពួកគាត់ចាប់តាំងពីមានសេចក្តីប្រកាសរបស់ក្រសួងកសិកម្មដីព្រៃសហគមន៍ប្រមាណជាង៥០ហិកតាហើយត្រូវឈ្មួញឃុបឃិតជាមួយអ្នកពាក់ព័ន្ធមួយចំនួនទន្ទ្រានយក។
យោងតាមច្បាប់ស្តីអំពីព្រៃឈើឆ្នាំ២០០២បើសិនជាមានជនណាទៅកាប់បំផ្លាញព្រៃរបស់រដ្ឋគឺជាអំពើខុសច្បាប់ហើយត្រូវមានទោសក្នុងបទឧក្រិដ្ឋ។ប៉ុន្តែទំនាស់រឿងដីធ្លីនៅភូមិពូរ៉ាដែតគេមិនទាន់ឃើញតុលាការខេត្តមានចំណាត់ការដាក់ទោសទៅលើបុគ្គលណាមួយឡើយរឿងដីធ្លីនៅតំបន់នោះ។សហគមន៍ជនជាតិព្នងចំនួន១៥០គ្រួសារនឹងរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តមណ្ឌលគិរីបន្ទាប់ពីបានប្តឹងឈ្មួញដើរទិញមានលុយម្នាក់ឈ្មោះឡេង គឹមឈាង ទៅតុលាការរួចមក៕