ភ្នំពេញ ៖ លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក ពុំចូលបំភ្លឺតាមការកំណត់របស់តុលាការ នៅថ្ងៃទី២៤ខែសីហានេះទៀតឡើយ ដោយសារតែអ្នកស្រីបានចូលបំភ្លឺម្តងរួចទៅហើយកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី។ នេះបើតាមការឲ្យដឹងពី លោកសឺន សែនករុណា មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតសមាគមអាដហុក។
ទោះជាយ៉ាងណា លោក សឺន សែនករុណា ពុំបានបញ្ជាក់ឱ្យច្បាស់ថា លោកស្រី ឆន សុគន្ធា បានចូលបំភ្លឺនៅថ្ងៃណានោះទេ គ្រាន់តែថា ការចូលបំភ្លឺរបស់លោកស្រី ក្នុងនាមជាសាក្សី បានធ្វើឡើងដោយមិនមានមេធាវី។
មិនទាន់អាចទំនាក់ទំនង លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និង លោកស្រី ឆន សុគន្ធា ដើម្បីបញ្ជាក់បន្ថែមរឿងនេះ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា លោកស្រីឆន សុគន្ធា ត្រូវបាន លោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលបំភ្លឺក្នុងនាមសាក្សី នៅម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ជុំវិញសំណុំរឿងករណីសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿង ខុម ចាន់តារាទី ហៅ ស្រីមុំ និងលោក កឹម សុខា ។
សំណុំរឿងសូកប៉ាន់សាក្សី ខុម ចាន់តារាទី ហៅស្រីមុំនោះ បានធ្វើឱ្យមន្ត្រីអាដហុក៤រូប មន្ត្រីគ.ជ.ប និងមេឃុំម្នាក់រងនូវការចោទប្រកាន់រហូតដល់ជាប់ពន្ធនាគារ បន្ទាប់ពីមានការបកស្រាយពីកញ្ញា ខុម ចាន់តារាទី ថាមានមន្ត្រីអាដហុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានបង្គាប់ឱ្យរូបនាង និយាយកុហក់ប្រាប់សមត្ថកិច្ច៕