ភ្នំពេញ៖ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា ទាក់ទងនឹងខិត្តប័ណ្ណអនាមិកចោទប្រកាន់លើលោកហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង និងករណីបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង ដែលទាក់ទងនឹងឈ្មោះ សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ គឺជាករណីមិនពិតគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។
យោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៦បានឲ្យដឹងថាករណីទី១.កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៦ មានខិត្តប័ណ្ណអនាមិកបានបោះនៅតាមមណ្ឌលប្រលងក្នុងខេត្តក្រចេះ គឺជាករណីមិនពិតប្រាកដនោះទេ គ្មានមូលដ្ឋាននិងភស្តុតាងច្បាស់លាស់។ករណីទី២.នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៦មានករណីបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនៅស្រុកស្នួល ដោយចាប់បានជនល្មើសម្នាក់ ហើយជនល្មើសបានឆ្លើយដាក់លើលោក សោ វុទ្ធី ព្រះរាជអាជ្ញារងលុះពេលតំណាងអយ្យការជជីកសួរនាំជនល្មើសបញ្ជាក់ថា ខ្លួនមិនដែលស្គាល់ឈ្មោះ សោ វុទ្ធី ទេ តែជនល្មើសបានឆ្លើយថា ម្ចាស់ឈើនោះឈ្មោះ ហេង ហើយឈ្មោះហេងបើគេចាប់ឲ្យឆ្លើយថា ឈើជារបស់ឈ្មោះ សោ វុទ្ធី។
អយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា ករណីទាំងពីរខាងលើនេះ អយ្យការអមសាលាដំបូងខេត្តក្រចេះ កំពុងស្រាវជ្រាវ នឹងបានបញ្ជូនសំណុំរឿងជាក់ស្តែងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ព្រះរាជអាជ្ញារង និងមន្ត្រីប៉ូលិនៅខេត្តក្រចេះម្នាក់រងការចោទប្រកាន់ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធការយកលុយពីក្រុមឈ្មួញអ្នករកស៊ីឈើនៅក្នុងខេត្តក្រចេះ។ ការចោទប្រកាន់នេះ បានធ្វើឡើងតាមរយៈខិត្តប័ណ្ណជាច្រើនសន្លឹកដែលជនមិនស្គាល់មុខបានបាចនៅតាមមណ្ឌលប្រឡងបាក់ឌុបនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
មន្ត្រីទាំងពីររូប ដែលរងការចោទប្រកាន់មានឈ្មោះ ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង និងលោកហេង ចន្ថា មន្ត្រីប៉ូលិសស័ក្តិ៣នៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
ជាមួយនឹងការចោទប្រកាន់មន្ត្រីទាំងពីររូបនេះ នៅក្នុងខិត្តប័ណ្ណក៏បានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ អភិបាលខេត្តក្រចេះ រួមទាំងក្រសួងយុត្តិធម៌ មានចំណាត់ការលើករណីនេះផងដែរ៕