រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈនេះសមត្ថកិច្ចនគរបាល សហការជាមួយអាជ្ញាធរខណ្ឌទួលគោក បាននិងកំពុងនាំយកដីកាកោះឲ្យចូលខ្លួន ទៅបិទនៅភូមិគ្រឹះរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលមានអាសយដ្ឋាន លេខ៩២ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ។
យោងតាមដីកាដែលចេញដោយលោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដីកាកោះឲ្យចូលខ្លួននេះ ចោទប្រកាន់លើឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ ពីបទ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា កន្លងមក លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចេញដីកាកោះហៅជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ចៅច្រមស៊ើបសួរបានជូនដំណឹងម្តងរួចមកហើយថា នឹងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌនេះទៅចៅក្រមជំនុំជំរះ ៕