ព្រឹទ្ធសភា ចាប់ផ្តើមពិភាក្សាលើការលើកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី នៅព្រឹកស្អែក

30-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីស្នើលើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពី តំណាងគណៈកម្មការជំនាញនានា។

លោកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធ បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ បន្ទាប់ពីមានការកោះហៅពីតុលាការ។

ទោះជាយ៉ាងណា បើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានដាក់សំណើជូនព្រឹទ្ធសភា ដើម្បីលើកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន៕

 

ចំនួនអ្នកទស្សនា

    19581797

  • ថ្ងៃនេះ2121
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24971
  • ខែនេះ18091
  • ឆ្នាំនេះ354351
  • សរុប19581797