រាជធានីភ្នំពេញ ៖ ទីបំផុតគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចលើកយកករណីលើកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី គឺលោកស្រី ថាក់ ឡានី បញ្ចូលទៅក្នុងសម័យប្រជុំព្រឹទ្ឋសភាពេញអង្គដើម្បីពិភាក្សា និងអនុម័តនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
នេះបើយោងតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ឋសភានាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ។
បើតាមអ្នកនាំពាក្យដដែល នៅក្នុងកិច្ចប្រជុំព្រឹកម្សិលមិញ ក៏មានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សសម រង្ស៊ី គឺ ទាវ វណ្ណុល បានស្នើសុំកុំឲ្យព្រឹទ្ធសភាលើកអភ័យឯកសិទ្ឋិលោកស្រី ថាក់ ឡានី គឺគ្រាន់តែលោកស្រីសុំទោសបានហើយ ។
លោកម៉ម ប៊ុននាង បន្តថា បើតាមតម្រុយរបស់អគ្គព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានរកឃើញពិរុទ្ធភាពរបស់លោកស្រី ថាក់ ឡានីហើយ ដូច្នេះតុលាការនឹងចាត់វិធានការតាមនីវិធីច្បាប់។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា « អ៊ីចឹងបើការចង់បានត្រឹមតែសុំទោស សម្តេចតេជោ ហ៊ុន សែន គឺមិនអាចកើតទេ ព្រោះថា មុនពេលសម្តេចនាយកប្តឹង លោកស្រី ថាក់ ឡានី បែរជាបដិសេធតាមវិទ្យុ VOA ថា គាត់អត់បាននិយាយបែបនេះទេ ហើយគឺគេកាត់សម្លេងទេ ។ ដូច្នេះតាមការវែកញែកទៅគាត់មិនបានទទួលកំហុសរបស់គាត់ទេ ។
លោក ម៉ម ប៊ុននាង បានឲ្យដឹងទៀតថា គណៈកម្មាធិការបានសម្រេចដាក់សំណើលើកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី ក្នុងសម័យប្រជុំសម្ងាត់នៅថ្ងៃទី០១ កញ្ញា វេលាម៉ោង៨ព្រឹក ។ លោកថា សម័យប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីសម្រេចថា តើលើកអភ័យឯកសិទ្ធិ ឬក៏បន្តនីតិវិធីយ៉ាងណាទៀត ត្រូវតែជជែកគ្នានៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៣ ។ ចំពោះសមាជិកព្រឹទ្ធសភាដែលអាចលើកអភ័យឯកសិទ្ធិយើងមិនខ្វះទេ ព្រោះថា សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីមាន១១រូប ចំណែកខាងយើងមាន៥០រូប ទាំងតំណាងព្រះបរមរាជវាំង២រូប និងតំណាងរដ្ឋសភា២រូប ។ អ៊ីចឹង៤៦រូបមកពីគណបក្សប្រជាជនកម្ពុជា ដូច្នេះទោះបី២ភាគ៣ ឬ៣ភាគ៤ យើងគ្មានបញ្ហាដែរ ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងដែរថា ករណីលោកស្រី ថាក់ ឡានី យោងតាមមាត្រា១០៤ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា៧ និង ៨ នៃលក្ខន្តិកៈរបស់ព្រឹទ្ធសភា អាចលើកអភ័យឯកសិទ្ធិ និងផ្តល់ឲ្យតុលាការអនុវត្តន៍តាមនីតិវិធី ។ ដូច្នេះយើងនឹងបន្តនីតិវិធីនៅថ្ងៃទី០១កញ្ញា ព្រឹទ្ធសភាបើកកិច្ចប្រជុំ ពិភាក្សាដេញដោលគ្នា ដើម្បីផ្តល់ឲ្យតុលាការបន្តនីវិធីរបស់ខ្លួនលើករណីលោក ស្រី ថាក់ឡានី។
គួរបញ្ជាក់ថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី០១ សីហា បានដាក់ពាក្យបណ្តឹងជាផ្លូវការចំពោះ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ឋនឹងការចោទថា រដ្ឋអំណាចនិងសម្តេចតេជោនាយករដ្ឋមន្ត្រីថា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងទាមទារសំណងជំងឺចិត្ត១០០រៀលប៉ុណ្ណោះ៕