មាត្រា ៣០៥ - បទបរិហារកេរិ៍្តជាសាធារណៈ គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិតិ្តយស ឬកិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរិ៍្ត ។ ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល បទបរិហារកេរិ៍្តដែលប្រព្រឹត្តតាមមធ្យោបាយណាមួយ ដូចតទៅ :
១ - តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទៅសាធារណៈ ឬ នៅក្នុងសាលប្រជុំសាធារណៈ ។
២ - តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬ ដាក់តាំងឱ្យសាធារណជនមើល ។
៣ - តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន ។
មាត្រា ៤៩៤ - លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត :
១ - ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬ នៅក្នុងពេលប្រជុំជាសាធារណៈ ។
២ - ដោយសំណេរ ឬ គំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន ឬ តាំងឱ្យសាធារណជនមើល ។
៣ - ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន ។
មាត្រា ៤៩៥ - បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អំពើញុំញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងនៅក្នុងមាត្រា ៤៩៤ ( លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ ៕ ដោយ៖ កង ពុទ្ធិវិរៈ