បាត់ដំបង ៖ លោកវរសេនីយ៍ទោ យឹម វិចិត្រ អធិការក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង២១:៣០នាទី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ផ្គររន្ទះលាយឡំនឹងទឹកភ្លៀងបានបណ្តាលឲ្យប៉ះពាល់លើ ២ស្រុក និងក្រុង១ គឺ ក្រុងបាត់ដំបងមានខ្យល់កន្ត្រាក់របើកដំបូលរលំផ្ទះប្រជាពលរដ្ឋចំនួន ៨សង្កាត់ គឺ សង្កាត់ទួលតាឯក ,សង្កាត់រតនៈ ,សង្កាត់ចំការសំរោង ,សង្កាត់ស្លាកែត ,សង្កាត់អូរម៉ាល់ ,សង្កាត់វត្តគរ ,សង្កត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្នុងនោះរបើកដំបូលចំនួន ១៦២ខ្នង រលំ ៧ខ្នង សាលារៀន ២ខ្នង ស្លាកសញ្ញាដួលរលំអស់មួយចំនួនធំ រលំបង្គោលភ្លើង ១ដើម រលំដើមឈើ បាក់មែកឈើក្នុងក្រុងមួយចំនួនធំ និងរបួសមនុស្ស ៣នាក់ (ស្រី១នាក់)។
ចំណែកឯស្រុកសង្កែ លោកវរសេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការស្រុកសង្កែ បានឲ្យដឹងដែរថា មានខ្យល់កន្ត្រាក់រលំផ្ទះពលរដ្ឋចំនួន ៥ឃុំគឺ ឃុំអន្លង់វិល ,ឃុំអូរដំបង២ ,ឃុំវត្តតាមិម ,ឃុំកំពង់ព្រះ សរុបចំនួន ២៣ខ្នង រលំទាំងស្រុង ១ខ្នង លោតលើគ្រឹះ ២ខ្នង។
រីឯនៅស្រុកបាណន់មានខ្យល់កន្ត្រាក់រលំផ្ទះពលរដ្ឋចំនួន ១ខ្នង នៅឃុំភ្នំសំពៅ។ ចំពោះគ្រោះធម្មជាតិខាងលើនេះ កម្លាំងនគរបាលបានចុះជួយដល់ប្រជាពលរដ្ឋ ក៏ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ ជួយរុះរើ សាងសង់ និងជួសជុលផ្ទះឡើងវិញផងដែរ ៕