បន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសប្រជុំកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យកងកម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់សាធារណៈ ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកលក់ដូរទាំងឡាយ ដែបានយកចិញ្ចើមថ្នល់ដែលមានរៀបការូឡាសម្រាប់អ្នកថ្មើរជើងដើរ ជាកន្លែងលក់ដូរនោះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពីមុខវត្តសមាធិផល (ហៅវត្តលោកយួន) ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី លៀង សុង នាយផ្នែកសណ្តាប់ធ្នាប់ បាននិយាយថា ដើម្បីឲ្យមានសណ្តាប់ធ្នាប់ល្អ និងមានសោភ័ណភាពក្នុងទីរួមខេត្ត ពិសេសក្នុងក្រុងសិរីសោភ័ណនោះ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់ការិយាល័យសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ឲ្យល្អ និងណែនាំដល់អាជីវករលក់ដូរ នៅលើការូឡាចិញ្ចើមថ្នល់ ដែលជាកន្លែងទុកឲ្យថ្មើរជើងគាត់ដើរបានស្រួល ពិសេសគឺសិស្សសាលា ក្មេងតូចៗ ដើរទៅសាលារៀនបានស្រួល។ ម្យ៉ាងវិញគឺខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់ទៅលេងខេត្តសៀមរាបអង្គរ ផងដែរ។
លោកបានបញ្ជាក់ថា ក្នុងការចុះរៀបចំនេះ គឺយើងបានឲ្យអ្នកលក់ដូរ ដូចជា លក់ម៉ូតូ លក់គ្រឿងបន្លាស់ត្រាក់ទ័រ និងអ្នកលក់ដូរទំនិញផ្សេងៗទៀត ត្រូវរុះរ៉ើអីវ៉ាន់របស់ខ្លួនចូលទៅក្នុង ហាមមិនឲ្យចេញមកក្រៅលក់លើការូឡានោះឡើយ។ ទន្ទឹមនោះគឺបានណែនាំឲ្យពួកគាត់ចូលរួមរៀបចំសណ្តាប់ធ្នាប់ និងឲ្យចូលរួមសំអាតអនាម័យ ធ្វើយ៉ាងណាឲ្យខេត្តមានសោភ័ណភាពល្អ ដែលជាមុខមាត់របស់ប្រជាពលរដ្ឋទាំងអស់គ្នា ៕