ស្វាយរៀង៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមានប្រារពពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា និងសំណេះសំណាលជាមួយនិវត្តន៍ជន ជនពិការ និងគ្រួសារពលី ជាអតីតនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជៀង អំ អភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានសេនាធិកា លោក លោកស្រីនាយការិ.ជំនាញ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនទាំងពីរ លោកអធិការនគរបាលក្រុង.ស្រុក និវត្តន៍ជន ជនពិការ គ្រួសារពលី សរុប ២៩៣ នាក់ ។
តាមរបាយការណ៍ស្វាគមន៍ដែលអានដោយលោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្ត បានឲ្យដឹងថាអគារដែលសម្ពោធដាក់អោយប្រើប្រាស់មានពេលនេះរួមមាន៖ អគារផែនព្រហ្មទ័ណ្ឌ ១ ខ្នង អគារផែនចរាចរណ៍ ១ ខ្នង អគារផែនអត្តសញ្ញាណកម្ម ១ ខ្នង អគារផែនប្រឆាំងបទល្មើស ១ ខ្នង រោងដាក់រថយន្តកា.រិចរាចរណ៍ ១ ខ្នង របងផ្នែកខាងក្រោយ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ២ កន្លែង សរុបថវិការ ១៧៥៤៥៧ ដុល្លា បានមកពីការចូលរួមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត សប្បុរសជននានានិង ថ្នាក់ដឹកនាំស្នងការ ស្នងការរងខេត្ត ។
មានប្រសាសន៍នាពេលនោះឯកឧត្តម ជៀង អំ គណៈអភិបាលខេត្តស្វាយរៀងបានលើកឡើងពីអនុស្សាវរីយ៍ក្នុងសម័យសង្គ្រាមជាមួយ និវត្តន៍ជន ជនពិការ និងគ្រួសារពលី និងផ្លែងនូវការនឹករលឹក ដល់បងប្អូនទាងអស់ ។ ហើយឯកឧត្តមបានសរសើរដល់ស្នងការដ្ឋានខេត្តដែលបានខិតខំរក្សាសន្តិសុខបានល្អ និងបានកសាងសមិទ្ធិផលផ្សេងៗ ជាបន្តបន្ទាប់ ។ ព្រមទាងបានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃ និងសំណូមពរអោយបងប្អូនទាងអស់គ្នាចូលរូមគោរពច្បាប់ចរាចរណ៍ និងបើកបរត្រូវមានភាពយោគយល់ ដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ ។
មានមតិទៅកាន់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និវត្តន៍ជន ជនពិការ និងសមាជិកគ្រួសារពលី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានពាំនាំនូវសេចក្តីសួរសុខទុក្ខពីរាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់មន្ត្រីនគរបាល ដែលចូលនិវត្តន៍ ជនពិការ និងសមាជិកគ្រួសារពលីហើយឯកឧត្តមក៏បានសរសើរចំពោះស្នងការខេត្តដែលបានកសាងកន្លែងបំពេញការងារបានល្អ ជាច្រើន ជាបន្តបន្ទាប់ និងថ្លែងអំណរ គុណដល់ មន្ត្រីនគរបាល ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចមុនពេលចូលនិវត្តន៍ នេះជាគំរូដ៏ល្អដល់កងកម្លាំងនគរបាលជំនាន់ក្រោយអនុវត្តតាម និងបានលើកឡើងថាថ្នាក់ដឹកនាំទាំងអស់នៅតែតាមដានមើលជីវភាពរស់នៅរបស់និវត្តន៍ជន និងគ្រួសារពលី ហើយព្យាយាមជួយ ។ ហើយបានសំណូមពរឲ្យនិវត្តន៍ជនចូលរួមបន្តទៀតក្នុងការងារការពារសន្តិសុខសង្គម តាមរយៈគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយការគារពច្បាប់ និងអប់រំកូនចៅ សាច់ញាត្តិ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានដាស់តឿន ដល់នគរបាលថាត្រូវពង្រឹងតួនាទី ភារៈកិច្ចរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការឲ្យគណៈបញ្ជាករឯកភាពរដ្ឋបាលខេត្ត ហើយដោះស្រាយរាល់បញ្ហាប្រឈមនានា ជាពិសេសនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ដែលជាអ្នកនៅផ្ទាល់ជាមួយ ប្រជាពលរដ្ឋ ក្រៅពីការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព កងកម្លាំងនគរបាលត្រូវបំរើសេវាកម្មសាធារណៈ ជូនប្រជាពលរដ្ឋដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ជាពិសេសមិនត្រូវយកថ្លៃសេវាលើសពីច្បាប់ដែលបានកំណត់ ។ ហើយគ្រប់អង្គភាព និងប៉ុស្តិ៍ត្រូវកែលម្អរ ពាក្យសម្តី កាយវិការ និងត្រូវត្រៀមប្រចាំការជាប់ជាប្រចាំ ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ។ ជាចុងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភអំណោយដល់និវត្តន៍ចំនួន ១៣០ នាក់ ម្នាក់ៗទទួលបានថវិកា ១៤ មឺុនរៀល គ្រួសារពលី និងពិការ ១២ នាក់ ម្នាក់ៗ ថវិកា ១.០៩០.០០០រៀល សរុបទាំងអស់ ២៤២ នាក់ ហើយទទួលបាន គ្រឿងឧបភោគបរិភោគ ម្នាក់ៗ អង្ករ ១ បាវ ៥០ kg មី ១ កេះតូច និងទឹកត្រី ១ យូ និងបានផ្តល់ថវិការដល់ស្នងការដ្ឋាន ១០ លាន់រៀល កងរាជអាវុធហត្ថខេត្ត ៥ លាន់រៀល និង តំបន់ប្រតិបត្តិការសឹករងខេត្ត ៥ លាន់រៀល ៕