ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ បានប្រារព្ធពិធី ចុះសួរសុខទុក្ខកម្មករ កម្មការនី ក្នុងមូលដ្ឋាន ក្រុម ៥ ៦ ៧ និង ៨ នៃសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ពីធីនេះរៀបចំដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសហជីព សង្កាត់ច្រាំងចំរេះទី២ ដែលមានការអញ្ជើញចូលរួមពីលោក ភួង មុន្ទ្រី ជាអនុប្រធាន អស់លោក-លោកស្រី ជា សមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់ លោកប្រធានយុវជនសង្កាត់ លោកមេភូមិ និង អស់លោក លោកស្រី ជាក្រុមការងារជាច្រើននាក់ រួមទាំងកម្មករ កម្មការនី ដែលមានចំនួនប្រមាណជា ១០០ នាក់ ដោយដឹកនាំដោយផ្ទាល់ពី លោក វ៉ាន់ ផន ជាប្រធានក្រុមការងារ។
ក្នុងពេលចុះសួរសុខទុក្ខប្រកបដោយបរិយាកាសដ៏សែនស្និទស្នាល និង ការស្រលាញ់រាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុត ក្រោមអធិបតីភាព លោក វ៉ាន់ ផន បានសំណេះសំណាលជាមួយនឹង កម្មករ កម្មការនី ដែលបានអញ្ជើញចូលរួម ជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា។
ថ្លែងនាឱកាសនោះដែរ លោក វ៉ាន់ ផន ប្រធានក្រុមការងារបាននាំយកមតិសួរសុខទុក្ខផ្តាំផ្ញើរ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាពេលបច្ចុប្បន្ន ដែលតែងតែគិតគូរពីសុខទុក្ខ ជីវភាព របស់កម្មករ កម្មការនី ដោយមិនរើសអើងនិន្នាការនយោបាយឡើយ។
ក្រៅអំពីការសំណេះសំណាលសួរសុខទុក្ខ ប្រកបដោយបរិយាកាសដ៏សែនស្និទស្នាល និង ការស្រលាញ់រាប់អានគ្នាយ៉ាងជ្រាលជ្រៅនេះ លោក វ៉ាន់ ផន ព្រមទាំងក្រុមការងារក៏បាននាំយកអំណោយ ជាសម្ភារៈបរិភោគមួយចំនួនជូន ដល់ បងប្អូន កម្មករ កម្មការនី ផងដែរ។
ឆ្លៀតឱកាសនេះដែរ បងប្អូនកម្មករ កម្មការនី បានថ្លែងអំណរគុណ និង បានប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេស ការបោះឆ្នោតនាឆ្នាំ២០១៧ និង ២០១៨ ខាងមុខនេះ អោយគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះគ្រប់អាណត្តិ ។
ប្រភព៖ ទំព័រសាលាសង្កាត់ច្រាំងចំរេះទី២