ភ្នំពេញ៖ អគ្គស្នងការរងននគរបាលជាតិ ឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ធ បានប្រកាសថានឹងលប់ឈ្មោះកងកំលាំងនគរបាលចេញពីបញ្ជីក្របខ័ណ្ឌនគរបាល ប្រសិនបើកងកំលាំងនគរបាលណាចូលរួមហ្វឺកហ្វឺនជំនាញរបស់ខ្លួនមិនបានទៀងទាត់ ។
ការថ្លែងរបស់ឯកឧត្តម ឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងនៅក្នុងពីធីជួបសំណេះសំណាលជាមួយកងកំលាំងនគរបាល២០០នាក់ ដែលអគ្គស្នងការនគរបាលជាតិបានចាត់បញ្ជូនទៅហ្វឹកហ្វឺនជំនាញកងអន្តរាគមន៍ពិសេស នៅបន្ទាយកងពលតួចទ័ពពិសេសឆ័ត្រយោង៩១១ កាលពីរសៀលថ្ងៃទី១៤ ខែតុលា។
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ថ្លែងថា ការហាត់រៀនជំនាញក្នុងជួរកំលាំងនគរបាល គឺធ្វើឡើងដើម្បីកាត់បន្ថយការបង្ហូរឈាមនៅពេលចុះប្រតិបត្តិការជាក់ស្តែងការពារជាតិ ការពារទឹកដី ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជាក់ស្តែងនៅពេលហេតុការណ៍អាក្រក់កើតឡើងដែលយើងមិនអាចដឹងជាមុន។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឲ្យកងកំលាំងនគរបាលដែលកំពុងបានហ្វឺកហ្វឺនជំនាញអន្តរាគមន៍ពិសេស ត្រូវបង្កើនការគោរពវិន័យសាលា គោរពវិន័យ និងលក្ខន្តិកៈជួរកងកំលាំងនគរបាលឲ្យបានល្អប្រសើរ សំដៅបង្កើនសមត្ថភាពការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ និងប្រជាជន។
កងកំលាំងនគរបាលដែលអគ្គស្នងការនគរបាលជាតិដែលបានទៅហ្វឺកហ្វឺនជំនាញនៅបន្ទាយកងទ័ពពិសេស៩១១ ត្រូវបានអគ្គស្នងការនគរជាតិ ចាត់ទុកថា ជាកងកំលាំងនគរបាលអន្តរាគមន៍ពិសេសរបស់អគ្គ ដើម្បីត្រៀមចូលរួមទប់ស្កាត់ និងទប់ទល់សភាពការណ៍អាក្រក់របស់ពួកអមិត្ត និងពួកមាននិន្នាការប្រឆាំងធ្វើសកម្មភាព បន្ថែមទៅលើកងកំលាំងនគរបាលនៅមូលដ្ឋាននៅពេលទប់ទល់ បង្ក្រាបមិនបាន។
មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ឧត្តមសេនីយឯក ចាប ភក្តី ថ្លែងថា វគ្គហ្វឹកហ្វឺនជំនាញនគរបាលអន្តរាគមន៍ពិសេសរបស់អគ្គស្នងការនគរបាលជាតិ នៅបន្ទាយកងទ័ពឆ័ត្រយោង៩១១ ត្រូវមានកាយសម្បទារឹងម៉ាំ មិនទន់ជ្រាយ។
កងកំលាំងនគរបាលដែលបានមកហ្វឺនហ្វឺននាពេលនេះ គ្រោងនឹងបញ្ចប់ការហ្វឺកហ្វឺនរបស់ខ្លួននៅចុងខែវិច្ឆិកាខាងមុខនេះ ហើយក្នុងចំណោមកងនគរបាលដែលបានមកហ្វឹកហ្វឺនជំនាញទាំង២០០នាក់ នោះគឺមានកំលាំងនគរបាល១៧៥នាក់ បានមកធ្វើការហ្វឺកហ្វឺនជំនាញទៀងទាត់ ២៥នាក់ដែលចូលរួមហ្វឺកហ្វឺនមិនទៀងទាត់ នឹងត្រូវអគ្គស្នងការលប់ចេញពីបញ្ជីកងកំលាំងនគរបាល។
ឯកឧត្តម ចាប ភក្តី បន្តថាក្នុងចំណោមកងកំលាំងទាំងអស់ត្រូវធ្វើការប្រមូលផ្តុំគ្នា សំដៅងាយស្រួលមានឱកាសរំលឹកឡើងវិញនូវបណ្តាមេរៀនទាំងឡាយ ដើម្បីអនុវត្តជាក់ស្តែង នៅពេលមានពួកមហាប្រតិកិរិយាប្រឆាំងដើម្បីបំផ្លាញ់សមិទ្ធិផលដែលសម្រេចប្រជាជន និងថ្នាក់ដឹកនាំខិតខំប្រឹងប្រែងកសាង។
របាយការណ៍ ក្នុងចំណោមសិក្ខាកាមជាកងកំលាំងនគរបាលទាំង២០០នាក់ មានសិក្ខាកាមហ្វឺនទទួលបានលទ្ធផលល្អ១៥៦នាក់។ ក្នុងចំនោមសិក្ខាកាមទាំងនោះ បន្ទាប់ពីបានឆ្លងកាត់វគ្គហ្វឺកហ្វឺនជាង២ខែកន្លងមកនេះ គឺទទួលចំណេះដឹងលើមុខវិជ្ជាជំនាញបច្ចេកទេសយុទ្ធវិធី បាញ់ស៊ីប ការពារថ្នាក់ដឹកនាំ បច្ចេកទេសអាវុធថ្មើជើង តួនាទីភារកិច្ចរបស់កងកំលាំងប្រដាប់អាវុធជាដើម ៕