ព្រះវិហារ៖ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំសុវត្ថិភាព នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅខេត្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងប្រារព្ធពិធីដុតកម្ទេច អាវុធកែច្នៃ ដែលសមត្ថកិច្ចចាប់បាននាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានស្ដីទីក្រុមការងារទី១២ ប្រចាំខេត្តកំពង់ធំ និងព្រះវិហារ និងឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង ផល បានប្រសាសន៍ កោតសរសើរដល់សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ដែលរួមចំណែកអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាពេលកន្លងមក ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឡុង ផល បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ឋដែល ខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាបសង្គមជូនប្រជាពលរដ្ឋបានល្អប្រសើ និងដាក់ទិសដៅឲ្យអនុវត្តបន្តទៀត ហើយគណៈធិបតី បានបន្តដល់កម្មវិធីដុតកម្ទេចអាវុធកែច្នៃចំនួន១៥៧៤ដើម នៅពីមុខស្នងការដ្ឋាននគរបាលខេត្ត ។
លោកឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការនគរបាលខេត្តព្រះវិហារបានឲ្យដឹងថា ក្នុងខែកញ្ញាឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ កើតឡើង ១០/០៤លើក ធៀបនឹងខែសីហា កើន ៦លើក ស្មើនឹង ១៥០ភាគរយ ក្នុងនោះបទឧក្រិដ្ឋ ២/១ លើក កើនឡើង ១លើក និងបទមជ្ឈឹម ៤/៣ លើក កើនឡើង ៥លើក ករណីខាងលើបានបណ្ដាលឲ្យស្លាប់មនុស្ស ម្នាក់ របួស ម្នាក់ រងគ្រោះ ម្នាក់ និងបាត់ម៉ូតូ ៧គ្រឿង រថយន្តតូច ១គ្រឿង ៕